(ភ្នំពេញ)៖ ប្រទេសកម្ពុជាបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ និងធ្វើជាប្រធាន នៃកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីអាស៊ាន ទទួលបន្ទុកផ្នែកវប្បធម៌ និងសិល្បៈលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនា សម្រាប់អណត្តិឆ្នាំ២០២០-២០២២។

កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រោយអធិបតីលោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ដែលត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ។

ក្នុងពិធីបើកកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន ទទួលបន្ទុកផ្នែកវប្បធម៌ និងសិល្បៈ លើកទី១៦ពីរាជធានីភ្នំពេញ នៅព្រឹកមិញនេះ មានការចូលរួមពីសំណាក់ឧត្តមមន្ត្រីអាស៊ាន ទទួលបន្ទុកផ្នែកវប្បធម៌ និងសិល្បៈ និងតំណាងគណៈប្រតិភូនៃ បណ្ដាប្រទេសអាស៊ានទាំងអស់ បានបង្ហាញវត្តមានតំណាងប្រទេសរបស់ខ្លួន។

លោកស្រី ប៉ែន មុនីមករា បានថ្លែងថា កម្ពុជាតាមរយៈក្រសួង មានកិត្តិយសដែលអាចរៀបចំធ្វើជាម្ចាស់ផ្ទះ និងប្រធានប្តូរវេននៃកិច្ចប្រជុំឧត្តមមន្ត្រីនេះឡើង តាមរយៈប្រព័ន្ធវីដេអូ, ខណៈដែលសកម្មភាពនានា ក្នុងប្រទេសអាស៊ាន ក៏ដូចជាសកលលោកទាំងមូល កំពុងតែជួបប្រទះនូវបញ្ហាប្រឈមស្រួចស្រាវ ពីជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល ដោយមិនត្រឹមតែលើ ប្រព័ន្ធសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏បានប៉ះពាល់ដល់វិស័យវប្បធម៌, ទេសចរណ៍, ពាណិជ្ជកម្ម, ហិរញ្ញវត្ថុ, ឧស្សាហកម្ម ក៏ដូចជាជីវភាពរស់នៅ របស់ប្រជាពលរដ្ឋទូទៅផងដែរ។

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌រូបនេះ បានសង្កត់ធ្ងន់ថា «កម្ពុជាមានកិត្តិយស និងសេចក្ដីរីករាយជាអនេក ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ និងធ្វើជាប្រធាននៃកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីអាស៊ាន ទទួលបន្ទុកផ្នែកវប្បធម៌ និងសិល្បៈ លើកទី ១៦ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនា សម្រាប់អណត្តិឆ្នាំ ២០២០-២០២២ នាពេលនេះ»

គួរជម្រាបថា នេះគឺជាលើកទី១ ដែលឧត្តមមន្ត្រីអាស៊ានបានរៀបចំ កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ដែលជាការបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការសម្របខ្លួនទៅនឹងសភាពការណ៍ថ្មី ក្នុងខណៈយើងកំពុងខិតខំប្រឹងប្រែងជំរុញការកសាងសហគមន៍អាស៊ាន និងពង្រឹងសាមគ្គីភាព ក្រោមក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សំដៅធានាឱ្យបាននូវការងើបឡើងវិញនៃការ អភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ប្រកបដោយក្ដីសង្ឃឹមខ្ពស់ ក្រោយពីវិបត្តិជំងឺកូវីដ-១៩ នេះ ត្រូវបានបញ្ចប់៕