(ភ្នំពេញ)៖ លោក កេត សុជាតិ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានចេញដីការបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទ គង់ ប៊ុនហ៊ាង និង ហង្ស សេង ទៅដាក់ពន្ធនាគារព្រៃសរ(ម១)ជាបណ្តោះអាសន្ន ដើម្បីរង់ចាំវិនិច្ឆ័យទោសតាមកំណត់របស់នីតិវិធីច្បាប់។

ការសម្រេចឃុំខ្លួននេះ គឺធ្វើឡើងបន្ទាប់ពីកម្លាំងនគរបាលជំនាញ នៃក្រសួងមហាផ្ទៃឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់នោះ កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ ដោយព្រះរាជអាជ្ញារង សេង ហៀង បានបើកការស៊ើប និងសម្រេចចោទប្រកាន់ពួកគេពីបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ យោងតាមមាត្រា ៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមការបញ្ជាក់របស់លោកព្រះរាជអាជ្ញារង គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។

បើយោងតាមបទចោទប្រកាន់ខាងលើនេះ ជនត្រូវចោទអាចនឹងត្រូវប្រឈមការផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេលពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២លានរៀល ទៅ ១០ លានរៀល។

គួររម្លឹកថា ជនត្រូវចោទឈ្មោះ គង់ ប៊ុនហ៊ាង អាយុ ៦៦ឆ្នាំ ជាអតីតសមាជិកប្រតិបត្តិនៃអតីតគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តបាត់ដំបង ត្រូវបានកម្លាំងនគរបាលជំនាញ ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។ ចំណែកជនត្រូវចោទឈ្មោះ ហង្ស សេង ជាអតីតសមាជិកប្រតិបត្តិ នៃអតីតគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។

ការឃាត់ក្រុមជនត្រូវចោទទាំង ២នាក់ ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីពួកគេ ធ្វើសកម្មភាពប្រមាថចំពោះ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា។

«អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ នេះយោងតាមមាត្រា ៧ នៃរដ្ឋធម្មនុញ្ញ របស់ព្រះរាជាណាចក្រកម្ពុជា៕