(ភ្នំពេញ)៖ សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ  បានសម្រេចឱ្យកម្មករ៤នាក់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន នៅអំឡុងបាតុកម្ម នាតំបន់សេដ្ឋកិច្ចក្រុងបាវិត ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នហើយ។ នេះបើតាម ការបញ្ជាក់ដូចគ្នាពីលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ និង លោកស្រី ហេង បុង ដែលមេធាវីការពារក្តីឱ្យកម្មករទាំង៤នាក់។

កម្មករទាំង៤នាក់នោះ ធ្លាប់តុលាការខេត្តស្វាយរៀង សម្រេចឱ្យនៅក្រៅឃុំម្តងហើយ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ កន្លងទៅ ប៉ុន្តែព្រះរាជអាជ្ញាដែលជាតំណាងអយ្យការបានជំទាស់ហើយដាក់ពាក្យទៅសាលាឧទ្ធរណ៍។

លោក ប៉ាវ ស៊ីណា បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ការដោះលែងកម្មករដែលជាប់ឃុំទាំង៤នាក់ អាចនឹងធ្វើឡើង នៅថ្ងៃចន្ទ សប្តាហ៍ក្រោយនេះតែម្តង ។

កម្មករ៤នាក់នោះ ត្រូវបានសមត្ថកិច្ចខេត្តស្វាយរៀង ឃាត់ខ្លួនកាលពីថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីមានបាតុកម្មទាមទារ លក្ខខណ្ឌការងារ និងប្រាក់ឈ្នួលធំមួយ នៅតំបន់សេដ្ឋកិច្ចពិសេសម៉េនហាធេន ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងនោះមាន ទី១.ឈ្មោះ សុខ គង់ ភេទប្រុស ជាកម្មករនៅក្នុងរោងចក្រកៅវ៉េ ទី២.ឈ្មោះ វ៉ាន់ វិចិត្រ ភេទប្រុស ជាកម្មករនៅរោងចក្រឡុងប្រាយ ទី៣.ប៉ាល់ ឌីនសុម៉ាលីដា ភេទប្រុស ជាកម្មករនៅរោងចក្រឃីងម៉េកឃើ និងទី៤.ឈ្មោះ ខេង សុផា ជាកម្មកររោងចក្រសាន់ហ្វេង។

ក្រៅពីការចាប់ខ្លួនកម្មករទាំងនោះ សមត្ថកិច្ចក៏បានឃាត់ខ្លួន អ្នកពាក់ព័ន្ធក្នុងការតវ៉ា ធ្វើបាតុកម្មនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតនេះ ចំនួន៧នាក់ផ្សេងទៀតដែរ ហើយពេលនេះពួកគេ កំពុងស្ថិតនៅក្នុងការឃុំឃាំង នៅឡើយ៕