(ភ្នំពេញ)៖ នៅគ្រាដែលខេត្តចំនួន១៩របស់កម្ពុជា កំពុងរងគ្រោះដល់ទឹកជំនន់នោះ មានសប្បុរសជនជាច្រើន បានចូលរួមជាមួយរាជរដ្ឋាភិបាល និងអង្គការមនុស្សផ្សេងទៀត ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។

ជាមួយគ្នានេះដែរ លោក គង់ ទេលី និងលោកស្រី សេង ហ៊ុន ក៏ជាសប្បុរសជនដ៏សកម្ម ក្នុងការចូលរួមជួយប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ដោយបានបរិច្ចាគថវិកាចំនួន២ម៉ឺនដុល្លារផងដែរ។

ថវិកាដែលលោក គង់ ទេលី និងលោកស្រី សេង ហ៊ុន បានបរិច្ចាគទៅអង្គភាពដូចជា៖

១៖ បរិច្ឆាគថវិកាចំនួន៥០០០ដុល្លារ ទៅខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី។

២៖ បរិច្ចាគថវិកា ៥០០០ដុល្លារបន្ថែមទៀត ទៅខាងខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ទិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។

៣៖ បរិច្ចាគថវិកា ៥០០០ដុល្លារបន្ថែមទៀត ទៅសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) តាមរយៈបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។

៤៖ បរិច្ចាគថវិកា ៥០០០ដុល្លារបន្ថែមទៀត ទៅសហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី យឹម ឆៃលីន ហ៊ុនម៉ានី ដើម្បីប្រើប្រាស់ក្នុងមធ្យោបាយសង្គ្រោះប្រជាជន ដែលរងគ្រោះដោយសារទឹកជំនន់។

តាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ប្រជាជនកម្ពុជា ប្រមាណ ៧៨,០៥៦គ្រួសារ ស្មើប្រមាណ ៣១២,២២៤នាក់ បានរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ក្នុងនោះពលរដ្ឋចំនួន ២៥នាក់បានស្លាប់៕