(ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ​២០១៦ម្សិលមិញនេះ មាន​ករណីគ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើងចំនួន៦លើក ក្នុងនោះយប់៤លើក បណ្តាលអោយ​មនុស្ស​ស្លាប់៥នាក់ ​(ស្រី២នាក់) រងរបួសធ្ងន់៤នាក់ ​(ស្រី៣នាក់) និងរបួសស្រាល៣នាក់ (ប្រុស) នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ប្រភពព័ត៌មានដដែលបានបន្តថា នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ទាំង៦លើក​នេះ បណ្តាលឲ្យខូចខាតយានយន្តសរុប ចំនួន១១គ្រឿង រួមមានម៉ូតូ​ចំនួន៧គ្រឿង រថយន្តធុនតូចចំនួន១គ្រឿង និងរថយន្តធុនធំចំនួន៣គ្រឿង ហើយ​មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ករណីគ្រោះថ្នាក់ចរាចរណ៍ ​រួមមានល្មើសល្បឿន៣លើក ប្រជែងគ្រោះថ្នាក់១លើក មិនប្រកាន់ស្តាំ២លើក។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍១២នាក់ ​(​យប់១០នាក់) ។

នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ​២០១៦ម្សិលមិញនេះ​ ​​លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យាន​យន្តដែលល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន៨២១៩គ្រឿង ក្នុងនោះបានធ្វើ​ការអប់រំ​ចំនួន៣៣៦១គ្រឿង ​និងពិន័យ​សរុប៤៨៥៨គ្រឿង ៕