(បន្ទាយមានជ័យ)៖ សេចក្តីរាយការណ៍ពីអ្នកយកព័ត៌មាន Fresh News ពីខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ កម្ពស់ទឹកជំនន់នៅខេត្តបន្ទាយមានជ័យ នៅតែបន្តកើនឡើងគួរឲ្យបារម្ភ ខណៈអាជ្ញាធរអះអាងថា ទឹកជំនន់នេះ មួយភាគធំបានធ្លាក់មកពីប្រទេសថៃ។

ជាមួយគ្នានេះ ទំនប់អូរកៃដន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបាក់ដោយសារកម្លាំងទឹក ធ្វើឲ្យក្នុងក្រុងប៉ោយប៉ែត រឹតតែត្រូវលិចលង់ខ្លាំងជាងមុន។

សេចក្តីរាយការណ៍បន្តថា នៅព្រឹកនេះដែរ អាកាសធាតុនៅខេត្តបន្ទាយជ័យ ផ្ទៃមេឃសភាពអួរអាប់ខ្លាំង ដែលបង្កឲ្យមានក្តីបារម្ភ ប្រសិនបើជាមានភ្លៀងធ្លាក់ថែមទៀត គឺការលិចលង់នឹងរឹតតែខ្លាំងឡើង ដោយសារតែកម្ពស់ទឹក នៅតាមទីវាលកំពុងលិចលង់ ជាមួយនឹងទឹកនៅតាមស្ទឹងដងអូរ ក្នុងក្រុងប៉ោយប៉ែតបានឡើងប្រៀប ហើយបានហូរចូលផ្នែកខ្លះ នៃភូមិឋានរបស់អ្នកស្រុកផងដែរ។

ឆ្លើយតបនឹងជំនន់ទឹកភ្លៀងនេះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បាននិងកំពុងជួយសង្គ្រោះប្រជាពលរដ្ឋ ដោយធ្វើការជម្លៀសទៅទីទួលសុវត្ថិភាព និងផ្តល់ស្បៀងអាហារផងដែរ។

សូមជម្រាបថា ជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃចុងក្រោយនេះ ជំនន់ទឹកភ្លៀងបានវាយប្រហារយ៉ាងខ្លាំងមកលើខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ។ អាជ្ញាធរបញ្ជាក់ថា ទឹកជំនន់នេះមួយផ្នែកធំហូរធ្លាក់មកពីប្រទេសថៃ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បាននិងកំពុងធ្វើដំណើរតាមផ្លូវឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភដល់ប្រជាជនប្រមាណ២ម៉ឺនគ្រួសារ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។

សម្តេចតេជោបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ជាខេត្តដែលរងគ្រោះធ្ងន់ជាងគេ និងយូរជាងគេដែលចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផង និងស្តារឡើងវិញក្រោយទឹកជំនន់ផង៕