(ភ្នំពេញ)៖ ក្រោយភ្លៀងមួយមេធំទឹកជន់លិចផ្លូវជាតិលេខ៤ខ្លាំង អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានបន្ដបិទចរាចរណ៍ផ្លូវជាតិលេខ៤ សម្រាប់រថយន្ដធុនធំ ចាប់ពីតំបន់សេដ្ឋកិច្ចពិសេស ដល់ចំណុចអូឌឹម ដើម្បីកុំឲ្យរងផលប៉ះពាល់ខូចខាតផ្លូវ។

អភិបាលខណ្ឌកំបូល លោក ឃឹម ស៊ុនសូដា បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅមុននេះបន្ដិចថា ដោយសារតែភ្លៀងមួយមេធំ កាលពីយប់ថ្ងៃទី១៩ ខែតុលាម្សិលមិញ ទឹកបានបន្ដជន់លិចខ្លាំងលើកំណាត់ផ្លូវជាតិលេខ៤ ពីចំណុចតំបន់សេដ្ឋកិច្ចពិសេស ដល់អូឌឹម។

បើតាមលោកអភិបាលខណ្ឌ ស្ថានភាពបែបនេះ អាជ្ញាធរសម្រេចបិទចរាចរណ៍រថយន្ដធុនធំមិនឲ្យឆ្លងកាត់ឡើង ព្រោះដើម្បីការពារហានិភ័យ ដែលអាចកើតឡើងជាយថាហេតុ និងធ្វើឲ្យខូចខាតធ្ងន់ធ្ងរដល់ផ្លូវជាតិ ព្រមទាំងស្ទះចរាចរណ៍ខ្លាំង។

លោក ឃឹម ស៊ុនសូដា ក៏បានអំពាវនាវដល់អ្នកធ្វើដំណើរទាំងអស់ ពិសេសមធ្យោបាយទាបៗ អាចវៀងផ្លូវចេញពីតំបន់នេះ ដើម្បីកុំឲ្យខូចខាតមធ្យោបាយដោយសារទឹកជន់លិច។

គួរជម្រាបថា រដ្ឋបាលខណ្ឌកំបូល ក៏បានបង្ហាញផ្លូវបង្វែរទិសចរាចរណ៍ ដល់ម្ចាស់រថយន្តដឹកធុនធ្ងន់ទាំងអស់ផងដែរ អាចបង្វែរទិសចរាចរណ៍របស់ខ្លួន នៅផ្លូវជាតិលេខ៤ ចំណុចស្តុបផ្សារបែកចាន ឃុំបែកចាន តាមផ្លូវលខ៤២ ឆ្ពោះទៅផ្លូវជាតិលេខ៣ ឬតាមផ្លូវលេខ៥១ ទៅផ្លូវជាតិលេខ៥ ជាជំនួសវិញក្នុងរយៈពេលនេះ៕