(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានប្រជាពលរដ្ឋចំនួន១១នាក់ទៀត បានលង់ទឹកស្លាប់នៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ ខណៈរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ជាពិសេសខេត្តជាប់ព្រំដែនថៃ កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។ នេះបើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែតុលានេះ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមពលរដ្ឋ១១នាក់ ដែលស្លាប់ដោយលង់ទឹកនោះ មាននៅខេត្តបាត់ដំបង៥នាក់, ព្រៃវែង២នាក់ (លង់ទឹកស្រះ), ស្វាយរៀងម្នាក់, ពោធិ៍សាត់២នាក់ និងបន្ទាយមានជ័យម្នាក់។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ដែលងាយរងគ្រោះ និងរងគ្រោះដោយទឹកជំនន់ទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះកូនចៅ និងសមាជិកគ្រួសារ និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ដែលបាន និងកំពុង ក៏ដូចជាត្រៀមអន្ដរាគមន៍ជួយសង្គ្រោះ។

សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយព្យុះបន្តបន្ទាប់កន្លងមកនេះ បាននិងកំពុងវាយលុក នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា បង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិរដ្ឋ-ឯកជនមួយចំនួនផងដែរ។

ឆ្លើយតបនឹងស្ថានភាពនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជំរុញឱ្យក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់សង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងជំរុញចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា៕