(បន្ទាយមានជ័យ)៖ ដោយសារតែស្ថានភាពនៃការជន់លិចក្នុងខេត្តបន្ទាយមានជ័យ មានសភាពធ្ងន់ធ្ងរលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន លើកការងារគ្រោះមហន្តរាយ បានចុះមកឈរជើងនៅក្នុងខេត្តបន្ទាយមានរយៈពេលពីរបីថ្ងៃហើយ។

ក្នុងពេលឈរជើងនៅក្នុងខេត្តបន្ទាយមានជ័យនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម រួមជាមួយអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានចុះសួរសុខទុក្ខ និងនាំអំណោយស្បៀងអាហាររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះចែកជូនប្រជាពលរដ្ឋរងការជន់លិចជាប់ជាប្រចាំផងដែរ។

នៅថ្ងៃទី១៨ និង ១៩ ខែតុលា ឆ្នាំ២០២០នេះ ដោយសារតែស្ថានភាពនៃការជន់លិចក្នុងស្រុកថ្មពួកមានសភាពធ្ងន់ធ្ងរ លោកទេសរដ្ឋមន្ត្រី បានធ្វើដំណើរចុះទៅកាន់ស្រុកថ្មពួក សួរសុខទុក្ខកងកម្លាំង ព្រមទាំងប្រជាពលរដ្ឋរងគ្រោះ។

ក្នុងដំណើរចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពជន់លិចនេះ លោកទេសរដ្ឋមន្ត្រី បានយកនូវពាក្យពេចន៍កោតសរសើររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះកម្លាំងសង្គ្រោះទាំងអស់ ដែលពួកគេបានធ្វើសកម្មភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះ។

ដោយឡែកដំណើរចុះសួរសុខទុក្ខពលរដ្ឋតាមខ្នងផ្ទះវិញ លោកទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹករបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះពួកគេ។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមដានជាប់ជានិច្ចចំពោះសុខទុក្ខ និងការលំបាករបស់ពលរដ្ឋរងគ្រោះក្នុងគ្រោះជំនន់ទឹកភ្លៀងនេះ។

លោកទេសរដ្ឋមន្ត្រីបន្ថែមថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនដែលបំភ្លេច ឬទុកប្រជាពលរដ្ឋរូបណាចោលនោះឡើយ។ បើទោះបីសម្តេចទាំងទ្វេមិនទាន់បានចុះមកដល់ដោយផ្ទាល់ តែសម្តេចបានដាក់បទបញ្ជាដាច់ណាត់ដល់រូបលោក និងអាជ្ញាធរក្នុងខេត្ត ត្រូវយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាកទាំងនេះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែតុលា ក្រុង/ស្រុកចំនួន៩ក្នុងខេត្តបន្ទាយមានជ័យ បានរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង។ ក្នុងនោះក្រុង/ស្រុក ដែលលិចខ្លាំងមានចំនួន៦ រួមមាន៖ ក្រុងសិរីសោភណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ។ ប្រជាពលរដ្ឋជាង ២ម៉ឺននាក់ រងផលប៉ះពាល់ ហើយប្រជាពលរដ្ឋ ១៥នាក់ បានស្លាប់បាត់បង់ជីវិត ដោយការលង់ទឹក និងការឆក់ចរន្តអគ្គិសនីជាដើម៕