(ភ្នំពេញ)៖ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ចំនួន៥,៥៨៧គ្រួសារ ដែលបានទទួលអំណោយសម្រាលការលំបាក ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានសម្ដែងការរំភើបចិត្ដយ៉ាងខ្លាំង ចំពោះទឹកចិត្ដរបស់ថ្នាក់ដឹកនាំប្រទេស ដែលមិនឃ្លាតឆ្ងាយប្រជារាស្ដ្រខ្លួន ពេលមានទុក្ខ គឺមានវត្ដមានសម្ដេច និងចាត់តំណាងមកជួយចុះដោះស្រាយរាល់បញ្ហាប្រឈម ជាពិសេស ក្នុងអំឡុងទឹកជំនន់នេះ។

លោកអ៊ុ មឿន យឿន រស់នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ បានលើកឡើងថា អំឡុងទឹកជំនន់នេះ ផ្ទះរបស់គាត់បានជនលិច ដល់ចង្កេះ ដែលធ្វើឱ្យប៉ះពាល់ខ្លាំងក្នុងការរស់នៅ ពិសេសស្បៀងអាហារតែម្ដង។ អំឡុងពេលជួបទុក្ខលំបាកនេះ គឺមានសម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានចុះមកផ្ដល់អំណោយសម្រាលការលំបាករបស់លោកអ៊ុ និងអ្នកភូមិទាំងអស់ ដែលរស់នៅក្នុងសង្កាត់សាក់សំពៅនេះ។

លោកយាយថ្លែងបន្ដថា «ឱ្យតែពលរដ្ឋមានបញ្ហាអ្វី សម្ដេចទាំងពីរតែងតែចុះមកជួយហើយ ជាពិសេសក្នុងអំឡុងទឹកជំនន់។ ក្រៅពីនេះ រាល់ប្រជាជនមានបណ្ណក្រីក្រ គឺតែងតែទទួលបានការឧបត្ថម្ភ ជាសម្ភារ គ្រឿងឧបភោគ-បរិភោគ និងថវិកាផងដែរ ពីរាជរដ្ឋាភិបាល។ ខ្ញុំស្រលាញ់ថ្នាក់ដឹកនាំខ្ញុំណាស់ ដែលដឹកនាំប្រទេសជាតិ ឱ្យប្រជាជន សុខសប្បាយ មិនមានអត់ឃ្លាន និងព្រាត់គ្រួសារ ដូចនៅជំនាន់ប៉ុលពតទេ»។ យើងខ្ញុំសប្បាយចិត្ដ និងសូមគាំទ្រសម្ដេចតេជោ បន្ដដឹកនាំប្រទេសទៅថ្ងៃអនាមគតទៀត»។

ជាមួយគ្នានោះ លោកអ៊ុ លាក់ សុខន ដែលរងគ្រោះដោយទឹកជំនន់ នៅសង្កាត់ព្រៃសរ ខណ្ឌដង្កោ ក៏បានថ្លែងស្រដៀងគ្នាថា ត្បិតតែទឹកជំនន់នេះ មានផលប៉ះពាល់ដល់គ្រួរសារ និងអ្នកភូមិតនៅទីនេះក្ដីក្នុងការធ្វើស្រែចំការ តែពេលមានទុក្ខនេះ មានវត្ដមានសម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត មកចុះមកជួយទាន់ពេលវេលា មិនទុកឱ្យរាស្ដ្រចោលនោះទេ។ នេះហើយ ដែលមិនបានធ្វើឱ្យពួកគាត់មានភាពភ័យខ្លាច នឹងការអត់ឃ្លាននោះទេ។

សូមជម្រាបថា ក្នុងឱកាសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្ដមភរិយារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្ដេចតេជោ អញ្ជើញចុះសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ដោយផ្ទាល់ ចំនួន ៣,៣៨៤គ្រួសារ នៅព្រឹកថ្ងៃទី១៨តុលានេះ ក៏បានសម្តែងនូវមនោសញ្ចេតនាអាណិតអាសូរ ចែករំលែកនូវការលំបាក និងចូលរួមសោកស្តាយយ៉ាងក្រៃលែងជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដែលជាគ្រោះធម្មជាតិមិនអាចស្មានបាន។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងបញ្ជក់ថា «មិនថាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ក៏ខ្ញុំយើងទាំងអស់ ទាំងរាជរដ្ឋាភិបាល មន្ដ្រីរាជការ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ទំាងអស់ ចូលរួមចំណែក រួមសុខ និងរួមទុកជាមួយពលរដ្ឋយើងទាំងអស់ទូទាំងប្រទេស ជាពិសេស នាយករដ្ឋមន្ដ្រីនៃកម្ពុជា តែងគែគិតគូរដល់ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខណ្ឌដង្កោនេះ រួមទាំងពលរដ្ឋដែលងាយរងគ្រោះទូទាំងប្រទេសផងដែរ»

សូមសូមបញ្ជាក់ថា អំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលទទួលបានពីសប្បុរសជន បានផ្តល់ជូនគ្រួសាររងគ្រោះនីមួយៗ៖ អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី៣ដប, ទឹកស៊ីអ៊ីវ៣ដប, ទឹកសុទ្ធ១កេស, ឃីត១ (មុង ភួយ ខ្នើយ កន្ទេល), និងថវិកា៥ម៉ឺនរៀល។ បន្ថែមពីនេះ គ្រួសាររងគ្រោះទាំងអស់ ក៏ទទួលបានអំណោយរបស់ កាកបាទក្រហមកម្ពុជា ដែលគ្រួសារនីមួយៗទទួលបាន៖ មី ១កេស ត្រីខ១០កំប៉ុង និងទឹកសុទ្ធ ១កេស៕