(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៉េងហួត គ្រុប, ឧកញ៉ា ហៀង ប៊ុនប៉េង អនុប្រធានក្រុមប្រឹក្សាភិបាល រួមទាំងថ្នាកដឹកនាំ បានចូលជួបសម្ដែងការគួរសម និងប្រគល់អំណោយជូនដើម្បីប្រើប្រាស់នៅក្នុងសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយទឹកជំនន់ និងសកម្មភាពមនុស្សធម៌ផ្សេងៗ។

លោកឧកញ៉ា ថៃ ជាហួត បានលើកឡើងថា លោកមានទឹកចិត្ត និងសេចក្តីសោមនស្សរីករាយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងកងទ័ព ក្នុងគោលបំណងឆ្លើយតបសង្គ្រោះ និងឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងគាំពារដល់កងកម្លាំងប្រដាប់អាវុធ ក្នុងគ្រាមានអាសន្នដោយសារគ្រោះមហន្តរាយទឹកជំនន់។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៉េងហួត គ្រុប, ឧកញ៉ា ហៀង ប៊ុនប៉េង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ប៉េង ហួត គ្រុប រួមទាំងថ្នាកដឹកនាំសំខាន់ៗទាំងអស់ ចំពោះទឹកចិត្តដ៏សប្បុរស ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងជួយគាំពារកងទ័ព ក្នុងយុទ្ធនាការជួយសង្គ្រោះប្រជាពលរដ្ឋស្ថិតនៅក្នុងគ្រាដ៏លំបាកនេះ ក៏ដូចជាក្នុងសកម្មភាព មនុស្សធម៌ផ្សេងៗ ដើម្បីជួយដល់អតីតយុទ្ធជន យោធិនពិការ និងគ្រួសារកងទ័ពជួបការខ្វះខាត ដែលនេះគឺជាការបង្ហាញនូវវប្បធម៌ចែករំលែក និងទឹកចិត្តសាមគ្គីភាពជួយគ្នាទៅវិញទៅមក រវាងសមរភូមិមុខ និងសមរភូមិក្រោយគ្រប់កាលៈទេសៈ។

សូមបញ្ជាក់ថា សម្ភារ និងថវិកាដែលក្រុមហ៊ុន ប៉េង ហួត បានប្រគល់ជូននាពេលនេះរួមមាន ថវិកា១០ម៉ឺនដុល្លារ, អង្ករចំនួន២០០តោន, ទឹកសុទ្ធ៣០០០កេស, ភេសជ្ជទឹកក្រូចទាំង៣រសជាតិ និងត្រជាក់ប៉ូវកម្លាំង Wurks ១,០០០កេស៕