(ភ្នំពេញ)៖ ថ្លែងនៅក្នុងកម្មវិធីចែកសញ្ញាបត្រដល់និស្សិត NUM ជិត៥ពាន់នាក់ នៅកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលបានកែទម្រង់ការអប់រំបានល្អ និងទទួលបានការគាំទ្រយ៉ាងច្រើន ពីបងប្អូនប្រជាពលរដ្ឋលើវិស័យអប់រំនៅកម្ពុជា។

សូមជំរាបថា នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM) ប្រមាណ ៤,៩០១នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ និស្សិតដែលនឹងទទួលបានសញ្ញាបត្រនាពេលនេះ រួមមាននិស្សិតដែលបញ្ចប់​ការសិក្សា​ថ្នាក់បរិញ្​ញាបត្រ​ជំនាន់ទី១៩ និងទី២០ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១៥, ១៦ និងថ្នាក់បណ្ឌិតជំនាន់២៕