(កំពង់ធំ)៖ មន្ត្រីរាជការ អាជ្ញាធរ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ បានបង្ហាញការសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការទទួលបានគម្រោងជំនួយសង្គមលើកទីមួយ ពីធនាគារឯកទេស ខេប៊ី ដេហាន ម.ក តាមរយៈលោក យឹម លាត តំណាងរាស្រ្តមណ្ឌលកំពង់ធំ។

លោកតំណាងរាស្រ្ត យឹម លាត និងលោក គង់ សាងយ៉ុន នាយកប្រតិបត្តិ នៃធនាគារ ឯកទេស ខេប៊ី ដេហាន ម.ក កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានប្រគល់គម្រោងចំនួន៣ជូនអាជ្ញាធរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដែលគម្រោងទាំងនេះ ផ្តោកសំខាន់លើវិស័យអប់រំជាគោល ហើយគម្រោងទាំងនោះរួមមាន៖

១៖ គម្រោងពង្រឹង និងបង្កើនសមត្ថភាពមន្ត្រី លោកគ្រូ អ្នកគ្រូ ដើម្បីបម្រើសេវាសាធារណៈឱ្យកាន់តែប្រសើរ តាមផ្តល់រយៈអាហារូបករណ៍។
២៖ គម្រោងជំរុញសុខុមាលភាពសិស្សានុសិស្ស តាមរយៈការជំរុញគុណភាពទឹកប្រើប្រាស់ បង្កើនប្រភពទឹក និងសួនបន្លែក្នុងវិទ្យាល័យ ហ៊ុន សែន រុងរឿង។
៣៖ ការផ្តល់ជូនសៀវភៅសិក្សាដល់សិស្សានុសិស្សចំនួន៥០០ក្បាល ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោក គង់ សាងយ៉ុន បានលើកឡើងផងដែរថា ធនាគារឯកទេស ខេប៊ី ដេហាន តែងយកចិត្តទុកដាក់គិតគូរដល់សុខទុកប្រជាពលរដ្ឋ ហើយកម្មវិធីសប្បុរសធម៌នេះ នឹងមិនចប់ត្រឹមប៉ុណ្ណេះទេ ធនាគារនឹងបន្តខិតខំអស់ពីលទ្ធភាព ក្នុងការជួយដល់សង្គមកម្ពុជាឲ្យបានកាន់តែប្រសើរឡើងតាមរយៈសកម្មភាពទំនួលខុសត្រូវសង្គុម (CSR)។

ជាក់ស្តែងកម្មវិធីថ្ងៃនេះ ក៏មានការចូលរួមជួយឧបត្ថម្ភ ពីក្រុមហ៊ុន KB Kookmin Card និងមានការសហការពី អង្គការក្រៅរាជរដ្ឋាភិបាល WellCam , WECA, World Share Cambodia។

លោក យឹម លាត ក៏បានលើកឡើងផងដែរថា ការជំរុញឱ្យមានការអភិវឌ្ឍនៅសហគមន៍ តាមរយៈការបង្កើនការអប់រំប្រកបដោយគុណភាព និងប្រសិទ្ធភាពជាងមុន ខណៈការអប់រំពិតជាមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាពលរដ្ឋ ដោយកាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យប្រសើរឡើងនូវសមភាពក្នុងសង្គម។

កម្មវិធីជំនួយសង្គមនេះជាសកម្មភាពមនុស្សធម៌ និងប្រកបដោយគុណភាពគុណធម៌ល្អប្រពៃ ក្នុងការជួយដល់ប្រជាជនកម្ពុជា ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ជាពិសេសបានចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវកំណើន សេដ្ឋកិច្ចប្រកបដោយសមធម៌ និងបរិយាបថ ដែលបានដាក់ចេញនូវគោលនយោបាយជាតិគាំពារសង្គមក្នុងការផ្ដល់សំខាន់លើប្រព័ន្ធជំនួយសង្គម ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍធនធានមនុស្ស ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រោះអាសន្នមហន្តរាយ និងសុខុមាលភាពសម្រាប់ប្រជាជនដែលងាយរងគ្រោះ ដើម្បីធានាឱ្យបាននូវសន្តិសុខ ប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះសំដៅលើកកម្ពស់សុខមាលភាព និងសាមគ្គីភាពក្នុងសង្គមព្រមទាំងការកាត់បន្ថយភាពក្រីក្រឱ្យបានឆាប់រហ័ស។

ជាចុងបញ្ចប់ លោកតំណាងរាស្ត្របានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ធនាគារឯកទេសខេប៊ី ដេហាន ម.ក និងសប្បុរជនទាំងអស់ដែលបានខិតខំយ៉ាង អស់ពីលទ្ធភាពដើម្បីការអភិវឌ្ឍក្នុងសង្គម៕