(ភ្នំពេញ)៖ គ្រឿង​ឧបភោគបរិភោគ និង​បច្ច័យ​ចំនួន ២លាន រៀល ជា​អំណោយ​បាន​មក​ពី​ការ​ចូលរួម ព្រះចៅអធិការវត្តសន្សំកុសល បាន​ផ្តល់​ជូន​សាខា​កាកបាទក្រហមខណ្ឌមានជ័យ សម្រាប់​ជួយ​ដល់​ពលរដ្ឋ​រង​គ្រោះ​ផ្សេង​ៗ ។

អំណោយ​ទាំងនេះ​ ធ្វើពិធី​ប្រគល់ នៅ​ក្នុង​វត្តសន្សំកុសល ក្រោម​ការ​ចូលរួម​ទទួល​ពីលោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ និងជាអភិបាលរងខណ្ឌមានជ័យ និង​មានការ​និមន្ត​ចូលរួម​ប្រគល់​ពី​ព្រះ​គ្រូ​ចៅអធិការ​សន្សំកុសល។

ព្រះញាណកោសល​ យឹម​ ចំរើន​ ព្រះចៅអធិការវត្តសន្សំកុសល​ រួមជាមួយមន្ត្រីគណៈសង្ឃបាន​មាន​ស​ង្ឃដីកា​ថា អំណោយ​ទាំងនេះ​បាន​មក​ពី​ពុទ្ធបរិស័ទ ចំណុះ​ជើងវត្ត ជិត​ឆ្ងាយ ប្រគេន​ដល់​ព្រះ​ស​ង្ឈនៅក្នុង​វត្ត ហើយ​ព្រះសង្ឃ​បាន​ផ្តល់​ជូន​បន្ត​ដល់​កាកបាទ ក្រហម សាខា​កាកបាទក្រហមខណ្ឌមានជ័យ សម្រាប់​ជួយ​ដល់​ជន​ក្រីក្រ ជន​ងាយ​រង​គ្រោះ ក្មេង​កំព្រា ចាស់ជរា​គ្នាន​ទីពឹង និង​ផ្សេង​ៗ​ទៀត​តាម​ការងារ​កាកបាទក្រហម ដោយ​មិន​ប្រកានពូជសាសន៍ ពណ៌​សប្បុរ និន្នាការ​នយោបាយ​ឡើយ​។

ព្រះ​តេជគុណ​បាន​បន្ថែម​ថា អំណោយ​ទាំងអស់​រួម​មាន ថវិកា ២លានរៀល អង្ករ១តោន បន្លង់៥៨ប្រដាប់ ទឹកក្រូច១៦ កេសទឹកសុទ្ធ១៦​កេស មី៣០កេស ទឹកត្រី៧យួរ ទឹកស៉ីអ៊ីវ៥យួរ ទឹកដោះគោ១កេះ និងស្ករ១បាវ។

លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បាន​ពាំនាំ​ការ​ថ្លែង​អំណរ​អរ​ព្រះ​គុណ​ដល់​ព្រះចៅអធិការវត្តសន្សំកុសល ​ព្រះសង្ឃ និង​ពុទ្ធ​បរិ​ស​ទ័​ទាំងអស់​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​អាណាចក្រ មាន​បច្ច័យ គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន​ធំ​នេះ សាខា​កាកបាទក្រហមខណ្ឌមានជ័យ សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​តាម​រយៈ កាកបាទក្រហមកម្ពុជា​។

លោក ឌី រ័ត្នខេមរុណ បានចាត់ទុកកាយវិការចូលរួមរបស់ព្រះចៅអធិការវត្តសន្សំកុសល​ គឺបានជួយដោះស្រាយការលំបាកប្រជាពលរដ្ឋដែលរងគ្រោះនាពេលនេះ ជាកាយវិការដ៏ល្អប្រសើរបំផុតសម្រាប់សង្គមកម្ពុជា។ ពោលកាយវិការនេះ បានបង្ហាញនៅពេលមានទុក្ខ គឺពលរដ្ឋកម្ពុជាបានរួមគ្នា ដើម្បីជម្នះរាល់ឧបសគ្គ និងបញ្ហាទាំងឡាយ៕