(ព្រះសីហនុ)៖ ថវិកាចំនួន២០លានរៀល (មួយសព១០លានរៀល) រួមទាំងគ្រឿងបរិភោគ ឧបភោគមួយចំនួន ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ ប្រគល់ជូនគ្រួសារសពដែលលង់ទឹកស្លាប់ដោយសារទឹកជំនន់ នៅខេត្តព្រះសីហនុ។ សម្រាប់ខេត្តព្រះសីហនុ មានប្រជាពលរដ្ឋ២នាក់ ម្នាក់ជាក្មេងតូចបានលង់ទឹកស្លាប់។

ពួកគេទាំង២នាក់ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចប្រគល់ថវិកាជូនក្នុងមួយគ្រួសារសព១០លានរៀល ដូចជនរងគ្រោះនៅតាមខេត្តផ្សេងទៀតដែលស្លាប់ដោយសារលង់ទឹក។

អំណោយទាំងនេះ ត្រូវបាននាំយកទៅប្រគល់ជូននៅគេហដ្ឋាន នៃគ្រសារសពទាំង២នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ក្រោមវត្តមានលោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា កាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២០ ខេត្តព្រះសីហនុ បានទទួលរងឥទ្ធិពលព្យុះ sinlaku ដោយបានបណ្ដាលឲ្យតំបន់មួយចំនួនរងការជន់លិច និងខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រលំបង្គោលអគ្គីសនី ផ្ទះសំបែង ទ្រព្យសម្បត្តិប្រជាជនមួយចំនួនផង និងស្លាប់មនុស្សចំនួន២នាក់។

ជនរងគ្រោះដែលស្លាប់ដោយសារលង់ទឹករួមមាន៖

១.កុមារី អាយុជិត២ឆ្នាំ នៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ត្រូវទឹកគួចបណ្តាលលង់ទឹកស្លាប់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ដោយបានរបូតដៃពីឪពុក។
២.ស្រី្តម្នាក់ រស់នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ បានដើរឆ្លងប្រឡាយទឹក រអិលជើងធ្លាក់ចូលប្រឡាយត្រូវទឹកគួចបណ្តាលឲ្យលង់ទឹកស្លាប់នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងកាលៈទេសៈនោះ អាជ្ញាធរខេត្តព្រះសីហនុ ក៏បានដឹកនាំកំលាំងចម្រុះ ចេញជួយសង្រ្គោះប្រជាជនភ្លាមៗ។ ទន្ទឹមនោះអំណោយសង្គ្រោះបន្ទាន់ នៃសាខាកាកបាទក្រហមខេត្តក៏បានចាត់ចែងផ្តល់ជូនប្រជាជនរងគ្រោះផងដែរ។

សូមបញ្ជាក់ថា គ្រោះទឹកជំនន់គិតចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បានផ្តាច់ជីវិតប្រជាពលរដ្ឋខ្មែរ ២២នាក់ហើយ។ នេះបើយើងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

របាយការណ៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បានបង្ហាញថា ខេត្តដែលមានប្រជាពលរដ្ឋស្លាប់ដោយសារទឹកជំនន់នេះរួមមាន៖ ខេត្តបន្ទាយមានជ័យ ១៣នាក់ (ថ្មី១នាក់), ព្រះសីហនុ ២នាក់, ពោធិ៍សាត់ ៣នាក់, ប៉ៃលិន ១នាក់ និងកំពង់ធំ ៣នាក់ (ថ្មី ១នាក់)។

របាយការណ៍បានបង្ហាញថា មូលហេតុនៃការស្លាប់បណ្តាលមកពីលង់ទឹកពេលទៅរកត្រី បេះបន្លែ ដើរធ្លាក់ប្រឡាយទឹក រអិលជើងធ្លាក់ទឹក និងឆក់ចរន្តអគ្គិសនីជាដើម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម បានសម្តែងមរណទុក្ខ និងសោកស្តាយជាពន់ពេកជាមួយក្រុមគ្រួសារ និងសាច់ញាតិនៃសព។ ដើម្បីចូលរួមរំលែកមរណទុក្ខ និងការលំបាកក្នុងគ្រួសារ នៅថ្ងៃទី១៧ ខែតុលា កន្លងទៅនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកាជូនដល់គ្រួសារសពចំនួន ២០សពរួចហើយ ដោយក្នុងមួយសពទទួលបានថវិកា ១០លានរៀល។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់ ១៩រាជធានី-ខេត្ត ស្មើនឹង ៧១ក្រុង/ស្រុក/ខណ្ឌ។ រាជធានី-ខេត្តប៉ះពាល់នេះ រួមមាន៖ រាជធានីភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។

របាយការណ៍ ក៏បានឱ្យដឹងដែរថា ទឹកជំនន់នេះ បានប៉ះពាល់ប្រជាពលរដ្ឋជាង ៦ម៉ឺនគ្រួសារ ហើយពលរដ្ឋជិត ៨ពាន់គ្រួសារ ស្មើនឹងជិត ៣ម៉ឺននាក់ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។ ជំនន់ទឹកភ្លៀង ក៏បានធ្វើប៉ះពាល់ផ្ទះជិត ៦ម៉ឺនខ្នង ខូចខាត ៥៦ខ្នង, លិចសាលារៀន ៤៥៩កន្លែង, លិចស្រូវជិត ១៧ម៉ឺនហិកតា ខូចខាតជាង ៣ម៉ឺនហិកតា, ដំណាំរួមផ្សំលិចទឹកជាង ៧ម៉ឺនហិកតា និងខូចខាតជិត ៤ម៉ឺនហិកតា។ ជំនន់ទឹកភ្លៀងនេះ ធ្វើឱ្យប៉ះពាល់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្រួសក្រហម ៣៤៤គីឡូម៉ែត្រ, ផ្លូវលំជនបទ ១,៤៥៩គីឡូម៉ែត្រ។ លិចស្ពាន ២៤កន្លែង, ប៉ះពាល់ទំនប់ជាង ២២គីឡូម៉ែត្រ, ប្រឡាយទឹកជាង ៣០០គីឡូម៉ែត្រ និងប៉ះពាល់ច្រាំងទន្លេ ៤១០ម៉ែត្រ៕