(ស្ទឹងត្រែង)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តស្ទឹងត្រែង បានបើកបង្ក្រាបករណីគ្រឿងញៀនមួយ ដោយបានឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតបានគ្រឿងញៀន៤កញ្ចប់ធំ ស្មើនឹងជិត៤គីឡូក្រាម ព្រមទាំងថ្នាំគ្រវីចំនួន ២ថង់តូចទៀត។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង ក្រោមសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។

ស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់នៅសង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។ លុះដល់ថ្ងៃទី១៨ ខែតុលានេះ កម្លាំងសមត្ថកិច្ចក៏បានបន្តស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅជិតច្រកអន្តរជាតិត្រពាំងក្រៀលជាមួយប្រទេសឡាវ។

លោកវរសេនីយ៍ទោ ចែម ផានិត នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះម្នាក់មានឈ្មោះ អ៉ិន ថា ភេទស្រី អាយុ៤៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ វ៉ាន ភូរ ភេទប្រុស អាយុ២៧ឆ្នាំ។

លោកវរសេនីយ៍ទោបានបន្តថា បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ សមត្ថកិច្ចជំនាញកំពុងសាកសួរ និងកសាងសំណុំរឿង រួមទាំងវត្ថុតាមបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕