(បន្ទាយមានជ័យ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បាននាំយកនូវសម្ភារបរិក្ខារ និងឱសថមួយចំនួនផ្តល់ជូនដល់មន្ទីរពទ្យស្រុកថ្មពួក និងប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់មកពីប្រទេសថៃ។

សកម្មភាពនេះមានការអមដំណើរដោយលោកអភិបាលខេត្តបន្ទាយមានជ័យ លោកស្រី យក់ សម្បត្តិ និងលោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រី លី អៃឡាន (Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ព្រមទាំងប្រតិភូក្រសួងសុខាភិបាលជាច្រើននាក់ទៀត។

លោករដ្ឋមន្ត្រីបានពាំនាំនូវការសួរសុខទុក្ខ និងការកោតសរសើររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់មន្រ្តីបុគ្គលិកសុខាភិបាល កងកម្លាំងកងពលតូចទ័ពពិសេស (៩១១) កងរាជអាវុធហត្ថ កម្លាំងនគរបាល ព្រមទាំងអាជ្ញាធរខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានចុះជួយជម្លៀសអ្នកជំងឺ ប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យ និងបរិក្ខារពេទ្យសំខាន់ៗទាំងយប់ ដោយមិនខ្លាចនឿយហត់។

ក្រុមគ្រូពេទ្យប្រមាណ ១០០នាក់ និងអ្នកជំងឺ ១៣នាក់ ត្រូវបានដឹកជម្លៀសពីមន្ទីរពេទ្យបង្អែកថ្មពួក ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយចេក។

លោកក៏បានថ្លែងអំណរគុណដល់មន្រ្តីបុគ្គលិកសុខាភិបាល និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានខិតខំប្រឹងប្រែងជួយប្រជាពលរដ្ឋ និងបន្តនូវសកម្មភាពនេះបន្តទៀត ដើម្បីធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ទាំងឡាយ ឱ្យដល់កម្រិតតិចបំផុតដែលអាចធ្វើទៅបាន។

ក្នុងឱកាសនោះផងដែរ លោក ម៉ម ប៊ុនហេង បានចុះជួបសួរសុខទុក្ខផ្ទាល់ជាមួយនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នលើទីទួលសុវត្ថិភាព និងបានចែកជូននូវមុងជ្រលក់ថ្នាំ។

ព្រមជាមួយនោះ លោកបានណែនាំឱ្យពលរដ្ឋសម្រាន្តក្នុងមុង កុំលេងទឹក ជាពិសេសកុមារតូចៗ ពិសារទឹកស្អាត ឬដាំពុះ ថែរក្សាអនាម័យខ្លួនប្រាណ និងចំណីអាហារឱ្យបានល្អ ដើម្បីចៀសវាងការលង់ទឹក ពស់ចឹក និងជំងឺឆ្លងផ្សេងៗដែលអាចកើតមានជាយថាហេតុ៕