(កំពង់ចាម)៖ ក្រុមសមាគមនារីដើម្បីអភិវឌ្ឍន៍ខេត្តកំពង់ចាម ដឹកនាំដោយលោកស្រី ញូង ចរិយា អ៊ុនចាន់ដា ប្រធានសមាគម នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានដង្ហែអង្គកឋិនទានសាមគ្គីចូលវត្តសិរីវ័ន ហៅវត្តស្រែអំពិល ស្ថិតនៅក្នុងឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

កម្មវិធីបុណ្យនេះធ្វើឡើងមានការចូលរួមពីលោក-លោកស្រីជាសមាជិកសមាគមជាច្រើននាក់ និងអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្តសេរីវ័ន្ត ហៅវត្តស្រែអំពិល ដែលមានសទ្ធាជ្រះថ្លាបានធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងវត្តសិរីវ័ននោះ។

អង្គកឋិននេះបានប្រមូលបច្ច័យសង្កត់ត្រៃចំនួន ១៦,៦០០,០០០រៀល ទុកសម្រាប់សម្រាប់កសាង និងផ្គត់ផ្គង់ក្នុងវត្តផងដែរនេះ។

សូមជម្រាបថា នេះគឺជារដូវកាលមួយទាំងព្រះសង្ឃ និងទាំងគ្រហស្ថទាំងក្នុង និងក្រៅប្រទេស ដែលជាអ្នកកាន់ព្រះពុទ្ធសាសនាតែងតែរួបរួមសាមគ្គីឯកភាពគ្នានៅក្នុងក្រុមគ្រួសារ និងសហគមន៍ ប្រារព្ធធ្វើបុណ្យអង្គកឋិនទាន ដោយសទ្ធាជ្រះថ្លាក្នុងរយៈពេលតែ ២៩ថ្ងៃ ដោយចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ ១៤កើត ខែកត្តិកនៃឆ្នាំនីមួយៗ មិនដែលអាកខានឡើយ។

ដោយហេតុយ៉ាងនេះហើយបានជាបង្កើតឱ្យមានបុណ្យកឋិនទានសាមគ្គីនេះឡើង ដើម្បីប្រមូលកៀរគររកថវិកាជួយទ្រទ្រង់ដល់វិស័យសាសានារបស់ជាតិ៕