(កណ្តាល)៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំព្រែកអំបិល និងលោកស្រី ព្រមទាំងក្រុមការងារចូលរួម បានផ្តួចផ្តើមធ្វើបុណ្យអង្គកឋិនទានសាមគ្គីមួយ ដង្ហែចូលវត្តស្រីអ៊ំប្រសិទ្ធិ រតនារាម ស្ថិតនៅភូមិអន្លង់ឈើខ្លាង ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ដើម្បីប្រមូលបច្ច័យកសាងទីវត្តអារាម។

បុណ្យកឋិនទានសាមគ្គីនេះ បានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ក្នុងបរិវេណវត្ត ដោយបានជួបជុំពុទ្ធបរិស័ទ្ទមកពីជិតឆ្ងាយ ប្រារព្ធពិធីក្រុងពាលី និងនមសិកាព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា ជាមួយការចូលចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមាន មាតា បិតា ញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជន យុទ្ធនារីដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ។

នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ លោក កែវ រ៉េមី ព្រមទាំងពុទ្ធបរិស័ទ បានដឹកនាំអង្គកឋិនទានសាមគ្គីដង្ហែ ទៅវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាវត្តស្រីអ៊ំប្រសិទ្ធិ រតនារាម។

ជាមួយគ្នានេះដែរ លោក កែវ រ៉េមី បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងព្រែកអំបិល ព្រមទាំងណែនាំដល់ពួកគាត់ឱ្យគិតគូរពីសុវត្ថិភាព និងបង្កើនការប្រុងប្រយ័ត្ន ពីគ្រោះថ្នាក់ដែលបង្កឡើងដោយទឹកជំនន់ ជាពិសេសកុមារៗ ដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ បើទោះបីបច្ចុប្ប ន្ននេះ នៅក្នុងឃុំស្ថានភាពទឹកមិនទាន់ជន់ឡើងក៏ដោយ។

លោកក៏បានក្រើនរំឮកដល់ប្រជាពលរដ្ឋ ឱ្យគិតគូរថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យស្អាត និងបរិភោគទឹកដាំឆ្អិន ឬអាហារដែលចម្អិនបានល្អ ចៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ ព្រមទាំងបន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការពាររបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅបែបធម្មតា តាមបែបគន្លងថ្មី និងសូមប្រុងប្រយ័ត្ន និងការពារកុំឱ្យកើតមានជំងឺគ្រុនឈាម គ្រុនចាញ់ និងគ្រុនឈីក។

ទន្ទឹមនឹងនេះដែរ លោក កែវ រ៉េមី បានណែនាំលោកមេឃុំ មេភូមិ អនុភូមិ ឱ្យយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខនិងជីវភាពរបស់ប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិឃុំ ពង្រឹងការអភិវឌ្ឍន៍ឃុំ និងត្រូវរាយការណ៍ជាបន្ទាន់ប្រសិនបើមានបញ្ហាអសន្តិសុខផ្សេងៗ ជាពិសេសបញ្ហារសុខទុក្ខជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្នានទាំងមូលដោយមិនប្រកាន់និន្នាការបក្សនយោបាយណាមួយនោះឡើយ។

សូមជម្រាបថា ពិធីបុណ្យកឋិនទាន បានប្រតិស្ថានតាំងពីជាង២៥០០ឆ្នាំមុននា សម័យកាលដែលព្រះពុទ្ធអង្គព្រះសម្មាសម្ពុធ្ធបរមគ្រូគង់នៅ និងបានព្រះរាជទានអនុញ្ញាតឱ្យពុទ្ធបរិស័ទ្ទប្រារព្ធពិធីនេះឡើង ដើម្បីនាំយកចីវរទានដែលមានអង្គសំខាន់៣ គឺស្បង់ចីវរ និងសង្ឃក្តី ទៅវេរប្រគេនព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាតាមទីអារាមនានា។

ប្រជាពុទ្ធបរិសទ្ធគ្រប់មជ្ឈដ្ឋានគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា អនុមោទនាដោយសទ្ធាជ្រះថ្លាដ៏បរិសុទ្ធបានចាប់ផ្តើមប្រារព្វពិធីបុណ្យកឋិនទាន តាមពុទ្ធានុញ្ជាតិដោយសប្បាយរីករាយ និងប្រកបដោយមោទនៈភាព ជ្រះថ្លាចំពោះសិទ្ធិសេរីភាពពេញលេញនៅក្នុងជំនឿសាសនា ក៏ដូចជានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃនាសម័យតេជោ ដែលពោរពេញដោយសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍន៏និងការរីកចំរើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យ៕