(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង បានជំរុញដល់កម្លាំងសមត្ថកិច្ច ជាពិសេសអាជ្ញាធរក្នុងមូលដ្ឋាន ត្រូវតាមដានយកចិត្តទុកដាក់ពិនិត្យលើការងារចែកអំណោយ ដល់ប្រជាពលរដ្ឋរងគ្រោះឲ្យបានចំគោលដៅ ចៀសវាងការផ្តល់ជូនតែចំពោះគ្រួសារសាច់ញាតិរបស់ខ្លួនឯង ខណៈជួបគ្រោះទឹកជំនន់នោះ។

ថ្លែងនៅក្នុងពិធីចុះចែកអំណោយជូនដល់ពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ នៅក្នុងឃុំមេសរប្រចាន់ ស្រុកពារាំង លោក មៀច សុផាន់ណា សូមថ្នាក់ដឹកនាំក្នុងមូលដ្ឋាន ពិសេសមន្ត្រីក្រុមការងារចែកអំណោយ ត្រូវតែពិនិត្យដោយយកចិត្តទុកដាក់នូវប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះពិតប្រាកដដែលកំពុងត្រូវការជំនួយ ខណៈកន្លងមកធ្លាប់មានការរិះគន់នូវការផ្តល់ ជូនអំណោយដល់តែញាតិសន្តាន និងប៉ះពួកគ្នាឯង ហើយអ្នករងគ្រោះដែលត្រូវការជំនួយពិតប្រាកដនៅតែមិនទទួលបាននោះ ទាំងការផ្តល់ជូននូវបណ្ណសមធម៌ ដល់ប្រជាពលរដ្ឋក្រីក្រជាដើមនោះ។

លោកក៏បានលើកឡើងផងដែរថា នៅក្នុងខេត្តព្រៃវែង គឺមិនទាន់មានការលិចលង់ ក្នុងកម្រិតធ្ងន់ធ្ងរណាមួយនោះទេ ក៏ប៉ុន្តែថ្នាក់ដឹកនាំក្នុងមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទំាងអស់ ត្រូវត្រៀមខ្លួនរួចជាស្រេច នូវសម្ភារផ្សេងៗសម្រាប់ជួយសង្រ្គោះដល់ប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា ក្នុងករណីមានហេតុការណ៍ជន់លិចណាមួយជាយថាហេតុ។

អំណោយដែលនាំយកមកប្រគល់ ជូនប្រជាពលរដ្ឋចំនួន១០០គ្រួសារនោះ គឺក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម ទឹកស៉ីអ៉ីវ១យួរ ទឹកត្រី១យួរ មី១កេស ទឹកសុទ្ធ២យួរ និងថ្នាំពេទ្យ១ប្រអប់ រួមទាំងសម្ភារមួយចំនួនទៀត៕