(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចផ្តល់ថវិកាកាកបាទក្រហមកម្ពុជា ចំនួន១០០លានរៀល ជូនដល់សាខាកាកបាទក្រហមរាជធានីភ្នំពេញ។

ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងក្នុងឱកាសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងសម្ដេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញចុះសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ៣,៣៨៤គ្រួសារ ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែតុលានេះ។

សូមជម្រាបថា អំឡុងទឹកជំនន់កន្លងមកនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់ថវិកាចំនួន៥០០លានរៀល ជូនដល់សាខាកាកបាទក្រហមកម្ពុជា ប្រចាំខេត្ដចំនួន៤ គឺខេត្ដពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ក្នុងមួយខេត្ដៗចំនួន១០០លានរៀល និងរាជធានីភ្នំពេញចំនួន១០០លានរៀល ដើម្បីទិញស្បៀងជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ និងចាត់មន្ដ្រីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នៅរាជធានីភ្នំពេញ ដើម្បីចុះជួយធ្វើការបន្ថែមទៀតផងដែរ។

គួររម្លឹកថា គ្រប់ទីកន្លែងទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ មាតាមនុស្សធម៌ ប្រកបដោយព្រហ្មវិហារធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅតែបន្ដស្វះស្វែង អញ្ជើញចុះដោយផ្ទាល់ រួមទាំងចាត់ចែងក្រុមការងារ ចុះជួយសម្រាលការលំបាកដល់ប្រជារាស្ដ្រគ្រប់រូប ដែលជួបបញ្ហាប្រឈម និងទទួលរងគ្រោះគ្រប់រូបភាព ដោយមិនទុកចោលនូវកូនចៅម្នាក់ណា ឱ្យក្ដៅ រងារ រងទុក្ខ ដោយមិនទទួលបានយកការចិត្ដដាក់នោះឡើយ គឺចូលរួមសុខ និងរួមទុក្ខជាមួយប្រជាពលរដ្ឋ៕