(ព្រះសីហនុ)៖ ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ប្រចាំខេត្តព្រះសីហនុ បានរាយការណ៍មកថា នៅខណៈនេះ (ម៉ោងប្រមាណ៦ល្ងាច ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦) កម្លាំងអាជ្ញាធរ ខេត្តព្រះសីហនុ បាននិងកំពុងវាយកម្ទេចរបងសណ្ឋាគារ របស់ភរិយាលោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សា ខេត្តព្រៃវែង និងរបង ផ្ទះល្វែងរបស់ឧកញ៉ា អ៊ូ ឆាយ ដែលបានសង់រំលោភលើឆ្នេរឯករាជ្យ ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

អ្នកយកព័ត៌មានរបស់ Fresh News បានឲ្យដឹងទៀតថា ការវាយកម្ទេចនេះ បានធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការគ្រប់គ្រង និង អភិ វឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានកោះហៅម្ចាស់ក្រុមហ៊ុនទាំងនេះ ទៅសួរនាំនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញនេះ។

ក្រោយបើកកិច្ចប្រជុំ ម្ចាស់ក្រុមហ៊ុន បានឯកភាពតាមសំណើររបស់អាជ្ញាធរ ក្នុងការវាយកម្ទេចរបង ដើម្បីដកហូតឆ្នេរមកវិញ ទុកជាសម្បត្តិសាធារណៈបម្រើដល់វិស័យទេសចរណ៍។

លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់ Fresh News ថា មានក្រុមហ៊ុនចំនួន៣ នៅលើឆ្នេរឯករាជ្យ ដែលតម្រូវឲ្យរុះរើរបង និងរបាំងក្នុងជំហ៊ានដំបូង ហើយគណៈកម្មកាធិការគ្រប់គ្រង់ និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នឹងពិនិត្យទៅលើផលប៉ះពាល់ផ្សេងៗទៀត។ បើតាមលោក ប៉ែន សុផល ការរុះរើនេះ គឺភាគីក្រុមហ៊ុនស្ម័គ្រចិត្តរុះរើដោយខ្លួនឯង ។

លោក ប៉ែន សុផល បានបញ្ជាក់ថា ការចាត់វិធានការទៅលើសំណង់នៅឆ្នេរឯករាជ្យនេះ ធ្វើឡើងដោយគោរពតាម ស.ជ.ណ របស់ រាជរដ្ឋាភិបាល ហើយគណៈកម្មាធិការគណៈកម្មាធិការគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នឹងពិនិត្យទៅតាមតំបន់ផ្សេងៗ ទៀតផងដែរ។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០២ ខែកុម្ភៈ បានសម្រេចបង្កើតក្រុមការងារពិសេស មួយដែលមានទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក អឹម ឈុនលឹម ជាប្រធានឲ្យពិនិត្យទៅលើការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ។ តំបន់ ដែលត្រូវពិនិត្យនោះរួមមាន៖
១. ករណីបឹងព្រែកទប់ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ
២. ករណីឆ្នេរឯករាជ្យស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ
៣. ករណីឆ្នេរអូរត្រេះ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ
៤. ករណីឆ្នេរអូរឈើទាល (ទល់មុខដីក្រុមហ៊ុន សុខា អូតែល អតីតអារីស្តុន) ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ
៥. ករណីឆ្វៀលដីស្បែកខ្លាជូនប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហាសំណង់លើទឹក លើដីចំណីឆ្នេរ និងឆ្នេរខ្សាច់កោះរ៉ុង ស្ថិតនៅសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ៕

អាជ្ញាធរវាយកម្ទេចសំណង់ភរិយាលោក ស្បោង សារ៉ាត់ និងឧកញ៉ា អ៊ូ ឆាយ ដែលសង់រំលោភយកឆ្នេរសមុទ្រឯករាជ្យ

Posted by Fresh News on Thursday, February 4, 2016