(ភ្នំពេញ)៖ លោក ប៊ុន បារាំង សហប្រធានសហគមន៍អ្នកផលិតអំបិល ខេត្តកំពត-កែប បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា អំបិលឆ្នាំនេះ នៅកម្ពុជា គឺអាចទប់ទល់ចំពោះការប្រើប្រាស់ក្នុងស្រុកបាន ដោយមិនភ័យខ្វះ ឬការនាំចូលពីក្រៅនោះទេ។

លោក ប៊ុន បារាំង បានបញ្ជាក់ថា ដោយក្នុងឆ្នាំនេះកម្ពុជា មានអំបិលនៅសល់ពីឆ្នាំមុនបន្តិចបន្តួច និងបូករួមការប្រមូលអំបិលពីការផលិតផ្សេងទៀតនោះ រួមបញ្ជូលគ្នាមានចំនួនសរុបជាង៨ម៉ឺនតោន។ ចំពោះទិន្នផលល្អ ដែលប្រមូលបានបែបនេះ គឺដោយសារមានអាកាសធាតុអំណោយផលល្អ ដូច្នេះអំបិលឆ្នាំនេះអាចទប់ទល់ និងផ្គត់ផ្គងក្នុងស្រុកបាន មិនដូចឆ្នាំមុនៗទេ ដែលត្រូវការនាំចូលអំបិលពីបរទេសបន្ថែម។

លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានវត្តន៍បានបញ្ជាក់ថា «ក្នុងឆ្នាំ២០២០នេះ យើងមានអំបិលសម្រាប់ផ្គត់ផ្គងក្នុងស្រុកគ្រប់គ្រាន់ ដោយមិនចាំបាច់នាំចូលពីក្រៅដូចឆ្នាំកន្លងទៅនោះទេ ដោយអំបិលដែលយើងប្រមូល បានក្នុងឆ្នាំនេះមានចំនួន៨៣,៩០០តោន និងបានបញ្ចេញលក់គិតត្រឹមពេលបច្ចុប្បន្ននេះចំនួន ៥៣,០០០តោន ខណៈអំបិលនៅសល់ក្នុងឃ្លាំងចំនួន ៣១,០០០តោនផងដែរ»

លោកបានបញ្ជាក់ទៀតថា ចំពោះការផលិតអំបិលសម្រាប់ប្រើប្រាស់នេះដែរ គឺសល់រយៈ៣ទៅ៤ខែទៀត នឹងត្រូវចាប់ផ្ដើមផលិតវិញហើយ នៅខែមករា ដើមឆ្នាំ២០២១ខាងមុខ ដូច្នេះចំនួនអំបិលដែលមាននៅសល់ក្នុងឃ្លាំង ៣១,០០០តោននេះ គឺវាអាចគ្រប់គ្រាន់ក្នុងការប្រើប្រាស់ដល់រដូវការផលិតវិញផងដែរ។
លោកបានបន្ថែមថា រយៈពេល៣ឆ្នាំកន្លងមក ២០១៧, ២០១៨ និង២០១៩ ក្នុង១ឆ្នាំៗកម្ពុជាផលិតអំបិលបានត្រឹមត្រូវតែ ៥ម៉ឺនតោននោះទេ ហើយសរុប២ឆ្នាំចុងក្រោយនេះ មានការនាំចូលអំបិលពីក្រៅមកមានចំនួនសរុប ៣ម៉ឺនតោន។

លោកបន្ថែមទៀតថា អំបិលដែលផលិតនៅខេត្តកំពត និងខេត្តកែប រៀងរាល់ឆ្នាំ គឺត្រូវលក់ចេញសម្រាប់ផ្គត់ផ្គងតម្រូវការក្នុងស្រុកក្នុង១ឆ្នាំៗមានចំនួន ១០ម៉ឺនតោន ហើយអំបិលឆ្នាំនេះនៅកម្ពុជា គឺអាចទប់ទល់ចំពោះការប្រើប្រាស់ក្នុងស្រុកបាន ដោយមិនភ័យខ្វះ ឬការនាំចូលពីក្រៅនោះទេ។

លោកបានបន្តថា សម្រាប់អំបិលដែលផលិតក្នុងស្រុកនេះ បើគិតជាមធ្យមនៅពេលបច្ចុប្បន្ននេះមានតម្លៃ ១៨៥,០០០រៀល ទៅ១៩០,០០០រៀលក្នុង១តោន ហើយក្នុងនោះមានអំបិលចំនួន៣ប្រភេទដូចជា៖ អំបិលលេខ១, អំបិលលេខ២, និងអំបិលលេខ៣ ហើយសម្រាប់អំបិលលេខ១ មានតម្លៃ ១២,០០០រៀលក្នុង១បាវទម្ងន់៥០គីឡូក្រាម និងស្មើនឹង៥ភាគរយនៃចំនួនអំបិលសរុប, អំបិលលេខ២ មានតម្លៃ ១០,០០០រៀលក្នុង១បាវទម្ងន់៥០គីឡូក្រាម ស្មើនឹង៥០ភាគរយនៃអំបិលសរុប និងអំបិលលេខ៣ មានតម្លៃ៨,០០០រៀលក្នុង១បាវទម្ងន់៥០គីឡូក្រាម ស្មើនឹង៤៥ភាគរយនៃអំបិលសរុប។

លោកបន្តទៀតថា ចំណែកផ្ទៃដីសម្រាប់ផលិតអំបិលវិញ គិតនៅក្នុងខេត្តកំពត មានចំនួន៣,៧២៦.០២ហិចតា ហើយក្នុងឆ្នាំនេះផ្ទៃដីផលិតជាក់ស្ដែង គឺមានចំនួន ២,៨៥៧ហិចតា៕