(ឧត្តរមានជ័យ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា លោកសាស្រ្តាចារ្យ ធា គ្រុយ បានសំណូមពរដល់ក្រុមគ្រូពេទ្យ ឲ្យលើកកម្ពស់ក្រសមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ចៀសវាងមហាជន ក៏ដូចជាអ្នកជំងឺរិះគន់។

លោក ធា គ្រុយ សំណូមពរបែបនេះ ក្នុងឱកាសដែលរូបលោក ចូលរួមក្នុងមហាសន្និបាតក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តឧត្តរមានជ័យ ដើម្បីពង្រឹងវិជ្ជាជីវៈ និងក្រុមសីលធម៌របស់គ្រូពេទ្យ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦។ លោកសាស្រ្តា ធា គ្រុយ បានក្រើនរំលឹកដល់ ក្រុមគ្រូពេទ្យ ដែលចូលរួមក្នុងពិធីថា ក្រុមគ្រូពេទ្យរបស់កម្ពុជា បាននិងកំពុងទទួលរងនូវការ និន្ទារិះគន់ខ្លាំងពីមហាជន ក៏ដូចជាអ្នកជំងឺ ទៅបញ្ហាក្រមសីលធម៌ ក្នុងការបំពេញការងារវិជ្ជាជីវៈ។

ឆ្លើយតបការរិះគន់នេះ លោកសាស្រ្តាចារ្យ ធា គ្រុយ បានសំណូមពរទៅកាន់គ្រូពេទ្យថា «សំណូមពរដល់គ្រូពេទ្យ ត្រូវលើកកម្ពស់ក្រមសីលធម៌ របស់គ្រូពេទ្យរបស់យើង អោយបានជាប្រចាំ ធ្វើយ៉ាងណាកុំអោយមតិមហាជន ក៏ដូចជាអ្នកជំងឺមានការរិះគន់»

នៅក្នុងសន្និបានោះ លោកវេជ្ជបណ្ឌិត ឃ្លោក ហ៊ួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានបង្ហាញផងដែរ ពីសមិទ្ធផលការ ងារ ដែលមន្ទីរសុខាភិបាល សម្រេចបាននាពេលកន្លងទៅ។ លោក ឃ្លោក ហ៊ួត បានឲ្យដឹងថា ក្រុមប្រឹក្សាភិបាលបានប្រជុំជាមួយគ្រូពេទ្យ តាមរយៈក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត ដោយមានការចូលរួមពីគណៈគ្រូពេទ្យថ្នាក់តំបន់ និងថ្នាក់ជាតិ និងបានចេញវិញ្ញាបន បត្របញ្ជាក់សមាជិកភាពបានចំនួន ៤៨នាក់ យកប្រើប្រាស់ជាឯកសារយោង ក្នុងការប្រកបអាជីវកម្មឯកជន ហើយក៏បានដកហូតសញ្ញាបត្រ័គ្រូពេទ្យ​ ក្លែងក្លាយបាន ២នាក់។

ទន្ទឹមនឹងនោះ ក៏មានការផ្សព្វផ្សាយពីច្បាប់ និងប្រកាសរបស់ក្រសួង ស្តីពីការលុបបំបាត់ឱសថ ដែលខុសច្បាប់ និង ឱសថហាមលក់ដល់ឱសថស្ថាន ឱសថស្ថានរង ចុះអប់រំគ្រូពេទ្យបុរាណចិន ចុះជំរឿនសេវាឯកជន ដែលមាននិងគ្មានច្បាប់និងចុះស្រាវជ្រាវ តាមតំបន់ដាច់ស្រយាល មានការប្រកបដើរចាក់ថ្នាំគ្មានច្បាប់ និងធ្វើកិច្ចសន្យាបិទទូរទាំងខេត្ត។

លោកសាស្ត្រាចារ្យ ធា គ្រុយ ក៏បានកោតសរសើរដល់មន្ទីរសុខាភិបាល ខេត្តឧត្តរមានជ័យ ដែលបានខិតខំយកចិត្តទុកដាក់លើការថែទាំសុខភាព ជូនប្រជាពលរដ្ឋ នៅតំបន់ដាច់ស្រយាល។ លោក ក៏បានស្នើឲ្យត្រូវយកចិត្តទុកដាក់ ចុះត្រួតពិនិត្យទីតាំងឱសថ ដែលគ្មានច្បាប់ និងត្រួតពិនិត្យឱសថខូចគុណភាព ជៀសវាងកុំឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ៕