(ព្រៃវែង)៖ តំបន់អភិរក្សបឹងស្នេហ៍ទួលព័ន្ធតាឡី ដែលជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញប្រចាំខេត្តព្រៃវែងនោះ កំពុងមានការកើនឡើងនូវចំនួនសត្វស្លាបរាប់ម៉ឺនក្បាល ហើរមកពង-កូនពាសពេញព្រៃលិចទឹក ខណៈប្រជាសហគមន៍ដែលប្រចាំការអភិរក្សនៅតំបន់នោះមានចំនួនតិចតួចបំផុត មិនអាចចុះល្បាតគ្រប់ជ្រុងជ្រោយបាន។

ប្រការនេះបានធ្វើឱ្យប្រធានសហគមន៍មានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់សត្វស្លាបទាំងនោះ ដោយហេតុថា ខ្លាចមានជនឆ្លៀតឱកាសលួចចូលប្រមាញ់យកទៅបរិភោគ ឬលក់ដូរជាដើម។

ក្នុងកិច្ចសម្ភាសជាមួយភ្នាក់ងារ Fresh News នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ លោក ប៉ាន់ យន ប្រធានសហគមន៍អភិរក្សបឹងស្នេហ៍ទួលព័ន្ធតាឡី បានបញ្ជាក់ថា នៅរដូវទឹកជំនន់នេះ សត្វស្លាបចម្រុះប្រភេទរាប់ម៉ឺនក្បាល បានហើរមកពង-កូនពាសពេញព្រៃលិចទឹកក្នុងតំបន់នោះ។

លោកពិតជាមានការព្រួយបារម្ភចំពោះសុវត្ថិភាពសត្វស្លាបទាំងនោះ ដោយសារកម្លាំងអភិរក្សរបស់សហគមន៍មានគ្នាតែ ៥នាក់ប៉ុណ្ណោះ មិនអាចចល័តចុះទៅដល់គ្រប់កន្លែងដែលសត្វពង-កូន នោះបានឡើយ ហើយដោយសារតំបន់នេះមានទឹកលិចច្រើន ជាហេតុធ្វើឱ្យជនឆ្លៀតឱកាសអាចចូលទៅចាប់សត្វដោយងាយស្រួល។

លោកបានបន្តថា សព្វថ្ងៃនេះ សត្វស្លាបនៅតំបន់អភិរក្សបឹងស្នេហ៍ទួលព័ន្ធតាឡីនេះ គឺមានការកើនឡើងយ៉ាងច្រើន ហើយក្នុងរដូវវស្សានេះជាជារដូវទឹកជំនន់ទៀតនោះ នាំឱ្យសត្វទាំងអស់នាំគ្នាហើរមកពង-កូនក្នុងមួយថ្ងៃយ៉ាងហោចណាចក៏ជិត ១ម៉ឺនពង ឬស្មើនឹង ១ម៉ឺនកូនដែរ។ សត្វទាំងនោះមានដូចជាសត្វរនាល ចង្កៀលខ្យង ក្អែកទឹក កុក ខ្វែក ទុង និងសត្វខ្សឹបជាដើម ហើយសត្វមួយចំនួននៅក្នុងតំបន់នេះ គឺមានសត្វខ្លះបានងាប់ដោយសារចាស់អាយុ និងខ្លះទៀតមានជំងឺ។ ចំណែកចំណីសត្វស្លាបទាំងនោះ មានដូចជាត្រី ខ្យង ក្ដាម កង្កែបជាដើម ដែលពួកវាហើររកចំណីនៅក្បែរតំបន់អភិរក្សនេះ។ នៅក្នុងរដូវពងកូននេះដែរ ពួកវាមិនបានហើរទៅឆ្ងាយពីកន្លែងសហគមន៍នោះឡើយ ព្រោះពួកវាត្រូវការពារពង និងកូនរបស់វា។

លោក ប៉ាន់ យន បានបញ្ជាក់ថា នៅទីតាំងតំបន់ទួលព័ន្ធតាឡីដែលភ្ញៀវទេសចរធ្លាប់មកដើរលេងកម្សាន្ត និងទស្សនាសត្វស្លាបនោះ ត្រូវបានទឹកលិចទាំងស្រុងហើយ ហើយក៏មិនសូវមានភ្ញៀវទេសចរមកទស្សនាទៀតដែរ។

តាមរយៈ Fresh News លោក ប៉ាន យន បានស្នើដល់រដ្ឋបាលខេត្តព្រៃវែង និងក្រសួងបរិស្ថានជួយផ្ដល់កម្លាំងការពារបន្ថែមទៀត ដើម្បីអភិរក្សតំបន់នេះកុំឱ្យជនល្មើសឆ្លៀតឱកាស ចាប់យកសត្វទៅលក់ ឬបរិភោគ ដែលនាំឱ្យបាត់បង់សត្វដ៏កម្រទាំងនេះ។

សូមជម្រាបថា រាជរដ្ឋាភិបាលបានសម្រេចគាំទ្រគម្រោងបង្កើត និងអភិរក្សតំបន់បឹងស្នេហ៍ទួលព័ន្ធតាឡីដែលមានទំហំប្រមាណ ៤,០០០ហិកតា ស្ថិតនៅស្រុកបាភ្នំ ខេត្តព្រៃវែង ជាតំបន់ប្រើប្រាស់ច្រើនយ៉ាង ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងតំបន់ និងជិតខាង ជាពិសេសចូលរួមលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិប្រចាំខេត្ត៕