(រតនគិរី)៖ កម្លាំងនគរបាលខេត្តរតនគិរី ក្រោមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានត្រៀមកម្លាំងដើម្បីអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងពេលជំនន់ទឹកភ្លៀងកើតឡើង។

លោកឧត្តមសេនីយ៍ត្រី អ៊ឹម ផានី ស្នងការនគរបាលខេត្តស្តីទី ប្រាប់ឲ្យដឹងថា កម្លាំងត្រូវបានប្រមូលផ្តុំប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ហើយកម្លាំងអធិការដ្ឋាននគរបាលស្រុក-ក្រុងទូទាំងខេត្ត ចុះក្តាប់សភាពការណ៍ជាប់ជាប្រចាំតាមមូលដ្ឋាន ជាពិសេសស្រុកជាប់ដងទន្លេស្រែពក និងជាប់ដងទន្លេសេសាន្ត រួចរាយការណ៍មកថ្នាក់លើដើម្បីមានវិធានការឆ្លើយតបជាបន្ទាន់។

លោកបន្តថា សម្ភារមានពោង អាវភ្លឿង មធ្យោបាយសរុបរៀបចំរួចជាស្រេចដល់កងកម្លាំងអន្តរាគមន៍ ដើម្បីជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ខ្លាចជំនន់ទឹកភ្លើងកើតឡើង ដោយយថាហេតុព្រោះផ្ទៃមេឃមានសម្ពាធទាបភ្លៀងធ្លាក់ទូទាំងខេត្ត នឹងអាចប៉ះពាល់ខ្លាំងព្យុះនៅថ្ងៃទី១៨-១៩ស្អែកនេះ។

ដោយឡែកលោក ចាន់ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ថា កម្ពស់ទឹកទន្លេសេសាន្ត នៅស្រុកវ៉ឺនសៃមានកម្ពស់ ៤,១០ម៉ែត្រ (កម្ពស់ប្រុងប្រយ័ត្ន៨,៥០ម៉ែត្រ) និងទន្លេស្រែពកស្រុកលំផាត់កម្ពស់ទឹក ១០,១៤ម៉ែត្រ (កម្ពស់ប្រុងប្រយ័ត្ន១២,៥០ម៉ែត្រ)។

លោក ចាន់ ប៊ុនធឿន បានបញ្ជាក់ឲ្យដឹងទៀតថា រយៈពេល២៤ម៉ោងនេះ ភ្លៀងធ្លាក់គ្រប់ដណ្តប់ទូទាំងខេត្តតែម្តង ប៉ុន្តែបងប្អូនប្រជាពលរដ្ឋនៅបង្កបង្កើនផលជាធម្មតាទេ៕