(ពោធិ៍សាត់)៖ អំណោយមនុស្សធម៌របស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្ដផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៩០គ្រួសារបន្ថែមទៀតហើយ នៅខេត្ដពោធិ៍សាត់ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ។

គ្រប់កាលៈទេសៈ មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅតែបន្ដស្វះស្វែង និងចាត់ចែងក្រុមការងារ ចុះជួយសម្រាលការលំបាក ដោយមិនដែលរំលងកូនចៅណាម្នាក់ឡើយ។

ជាក់ស្ដែងអំឡុងជួយគ្រោះទឹកជំនន់នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានផ្ដល់ថវិកាជូនដល់សាខាកាកបាទក្រហមប្រចាំខេត្តចំនួន៣ ដែលរងគ្រោះថ្នាក់ធ្ងន់ធ្ងរដោយទឹកជំនន់ជាងគេ គឺ ខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្ដបន្ទាយមានជ័យ ក្នុងមួយខេត្តៗចំនួន១០០លានរៀល ដើម្បីទិញស្បៀងជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។

លើសពីនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចាត់មន្រ្តីពីទីស្នាក់ការកណ្តាលកាកបាទក្រហម នៅរាជធានីភ្នំពេញ ចុះធ្វើការជាមួយមន្រ្តីកាកបាទក្រហមកម្ពុជា ប្រចាំខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ដោយឡែកសម្រាប់ខេត្តបាត់ដំបង ប្រគល់ភារកិច្ចជូនប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមប្រចាំខេត្ត ដើម្បីចែកអំណោយជូនប្រជាពលរដ្ឋតែម្តង។

ជាងនេះទៅទៀត ចំនួន ៤ថ្ងៃមកហើយ ចាប់ពីថ្ងៃទី ១៤-១៧ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅតែបានចាត់ឱ្យ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅទូទាំងភូមិស្រុកនៃខេត្ដពោធិ៍សាត់។

ដោយថ្ងៃនេះ អំណោយមនុស្សធម៌របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់ចំនួន ៩០គ្រួសារទៀត រស់នៅភូមិចំនួន២ ក្នុងសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ក្នុងឱកាសលោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងសូមចូលរួមការសោកស្តាយជាមួយប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយសារទឹកជំនន់នេះ ព្រមទាំងបានពាំនាំសារអំពាវនាវពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ៖

* សូមគិតគូរពីសុវត្ថិភាព និងបង្កើនការប្រុងប្រយ័ត្ន ពីគ្រោះថ្នាក់ដែលបង្កឡើងដោយទឹកជំនន់ ជាពិសេសកុមារ ៗដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ។
* សូមគិតគូរថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យស្អាត និងបរិភោគទឹកដាំឆ្អិន ឬអាហារដែលចម្អិនបានល្អ ចៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ។
* សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការពាររបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅបែបធម្មតា តាមបែបគន្លងថ្មី។
* សូមប្រុងប្រយ័ត្ន និងការពារកុំឱ្យកើតមានជំងឺគ្រុនឈាម គ្រុនចាញ់ និងគ្រុនឈីក។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង និងទឹកស៊ីអ៊ីវ៦ដប៕