(បន្ទាយមានជ័យ)៖ ថ្លែងចេញពីកន្លែងជួយសង្គ្រោះប្រជាពលរដ្ឋដោយសារទឹកជន់លិច នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០, អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុ រាត្រី បានថ្លែងប្រាប់ បណ្តាញព័ត៌មាន Fresh News ថា ទឹកឡើងនៅតាមព្រំដែនកម្ពុជា-ថៃ កើតឡើងដោយសារជំនន់ទឹកភ្លៀង មិនមែនមកពីថៃបើកទឹកទម្លាក់មកនោះទេ។

ការបញ្ជាក់របស់លោកអភិបាលខេត្ត បានធ្វើឡើងបន្ទាប់ពីស្ថានភាពទឹកជំនន់នៅតាមមាត់អូរខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កំពុងកើនឡើងបណ្តើរៗ គួរឲ្យព្រួយបារម្ភ ដោយមានមតិខ្លះថា គឺជាជំនន់ទឹក ដែលកើតឡើងដោយសារថៃបើកទឹកទម្លាក់មក។

លោកអភិបាលខេត្តបានបញ្ជាក់ថា «រហូតមកដល់ពេលនេះ ថៃមិនទាន់មានការបើកទឹកទម្លាក់មកទេ ហើយទឹកដែលឡើងនៅតាមអូរខ្សែបន្ទាន់ព្រំដែននោះ មកពីជំនន់ទឹកភ្លៀង ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ ជាពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ កុំមានការព្រួយបារម្ភ។ ពេលនេះមានករណីកើតឡើងនោះ ខាងរដ្ឋបាលខេត្តនឹងជូន ដំណឹងភ្លាមៗទៅកាន់ប្រជាពលរដ្ឋហើយ»

សូមបញ្ជាក់ថា នាយប់ម៉ោង ៨៖៣០នាទីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកជំនន់នៅតាមមាត់អូរខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កំពុងតែហក់ឡើងយ៉ាងខ្មួលខ្មាញ់ និងឡើងបណ្តើរៗ គួរឲ្យព្រួយបារម្ភ។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានចេញប្រតិបត្តិការដឹកនាំមន្ត្រីអាជ្ញាធរក្រុងប៉ោយប៉ែត ចុះពិនិត្យទឹកជំនន់ ដែលកំពុងតែហក់ឡើងខ្លាំងលិចចូលផ្ទះប្រជាពលរដ្ឋ នៅតាមតំបន់ព្រំដែននេះ។

ក្នុងនោះផងដែរលោក គាត ហ៊ុល និងកម្លាំងសមត្ថកិច្ចបានត្រៀមជាស្រេច ក្នុងការរំដោះប្រជាពលរដ្ឋចេញពីលំដ្ឋានមករកទីទួលសុវត្ថិភាព ក្នុងខណៈដែលទឹកជន់លិចខ្លាំង។ លោកអភិបាលក្រុង បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលរស់នៅតាមមាត់អូរព្រំដែន សូមឲ្យមានការប្រុងប្រយ័ត្នពីបញ្ហាទឹកជំនន់ និងសត្វមានពិស ខ្សែភ្លើង ដែលដាច់ធ្លាក់ចូលទឹកពិសេសបំផុតគឺប្រយ័ត្ន កូនតូចៗ ធា្លក់ទឹក។

ថ្លែងក្នុងឱកាសចុះទៅកាន់តំបន់ដែលប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា ប្រទេសថៃបានជូនដំណឹងមកកម្ពុជា ពីការដែលខ្លួនអាចបើកទឹកទម្លាក់មកកម្ពុជា ប៉ុន្តែមិនមានការកំណត់កាលបរិច្ឆេទច្បាស់លាស់ទេ។ សម្តេចបានបន្តថា បើថៃបើកទឹកទម្លាក់មកកម្ពុជាមែន ខេត្តបន្ទាយមានជ័យ នឹងរងគ្រោះខ្លាំងជាងគេ៕