(ភ្នំពេញ)៖ ស្របពេលដែលអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវបានប្តូរឈ្មោះជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងនោះការបង្កើតបានជាអគ្គនាយកដ្ឋាន និងវិទ្យាស្ថានជាតិផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ចំណុះក្រសួងសម្រាប់បំពេញការងារស្នូលរបស់ខ្លួន ត្រូវជួបបញ្ហាប្រឈមមួយ គឺការខ្វះធនធានមនុស្ស ដែលមានសមត្ថភាព ចំណេះជំនាញ ខាងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយក៏ដើម្បីបំពេញរចនាសម្ព័ន្ធរបស់អគ្គនាយកដ្ឋាន និងវិទ្យាស្ថានជាតិខាងលើផងដែរ។

ស្ថិតក្នុងស្ថានភាពនេះ ដោយមានការស្នើសុំពីក្រសួង និងការគិតគូររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅលើសក្តានុពលធនធានមនុស្សជាយុវជន ជំនាន់ក្រោយ ជាទំពាំងស្នងឬស្សីរបស់ជាតិ មន្ត្រីវ័យក្មេងចំនួន ៤៥រូប ជាបញ្ញវ័ន្តដែលភាគច្រើនបំផុតបានបញ្ចប់ការសិក្សានៅក្រៅប្រទេស មានកំរិតសញ្ញាប័ត្រ ចាប់ពីបរិញ្ញាបត្រជាន់ខ្ពស់ វិស្វករ អនុបណ្ឌិត និងបណ្ឌិតក្នុងជំនាញខុសៗគ្នា ក្នុងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ត្រូវបានជ្រើសរើសក្នុងលក្ខណៈពិសេសសម្រាប់ចូលបម្រើការងារជាមន្ត្រីរាជការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមិនឆ្លងកាត់ការប្រឡងក្របខណ្ឌឡើយ។

ដើម្បីណែនាំខ្លួន និងទទួលបានការអនុសាសន៍ចង្អុរបង្ហាញល្អៗ ពីលោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមានរៀបចំពីធី សំណេះសំណាលមួយជាមួយមន្ត្រីថ្មីទាំងនោះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រោមឱវាទជាច្រើនរូប។

ថ្លែងសំណេះសំណាលនាឱកាសនោះ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៍ និងចាត់ទុកមន្ត្រីថ្មីទាំងអស់ គឺជាឈាមជ័រថ្មី ចូលក្នុងជីវភាពជាមន្ត្រីរាជការ ក្នុងក្របខណ្ឌពិសេស ពីព្រោះជាធម្មតាការចូលក្នុងក្របខណ្ឌមន្ត្រីរាជការត្រូវឆ្លងកាត់ការប្រឡងដ៏តឹងតែងមួយ។ ប៉ុន្តែនេះជាលក្ខណៈពិសេសក្នុងតម្រូវការជាក់ស្តែង និងសូមបញ្ជាក់ថា ការជ្រើសរើសជាលក្ខណៈពិសេសនេះ គឺមានការឆ្លងកាត់ការពិនិត្យវិនិច្ឆ័យច្បាស់លាស់មិនមានបក្សពួកនិយមឡើយ គឺផ្អែកលើសញ្ញាបត្រ និងចំណេះជំនាញពិតប្រាកដ ដោយលោកបានណែនាំផ្ទាល់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាអ្នកពិនិត្យពិច័យពីប្រវត្តិ និងសញ្ញាបត្រពាក់ព័ន្ធ ប្រកបដោយសុក្រឹតភាពបំផុត។

ដោយយល់ថា មន្ត្រីទាំងអស់មិនធ្លាប់ឆ្លងកាត់ជីវភាពជាមន្ត្រីរាជការ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានផ្តល់អនុសាសន៍ណែនាំមួយចំនួន ដោយបានបញ្ជាក់ថា ជាមន្ត្រីរាជការត្រូវមានការលះបង់ច្រើន ពីព្រោះមិនមែនត្រឹមបម្រើក្រសួងប៉ុណ្ណោះទេ តែបម្រើរាជរដ្ឋាភិបាល និងប្រជាជនទាំងមូល។

ជាពិសេសការចូលធ្វើការដំបូងមិនគួរគិតពីការយកតំណែងជាគោលការណ៍ធំឡើយ គឺត្រូវបញ្ចេញសមត្ថភាព និងចំណេះជំនាញរបស់ខ្លួនដែលបានសិក្សាពិតប្រាកដ។ ក្នុងនោះការបំពេញការងារត្រូវគោរពតាមលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល គោរពពេលវេលា មានឯកសណ្ឋានត្រឹមត្រូវ និងមានសាមគ្គីផ្ទៃក្នុង និងការទទួលខុសត្រូវខ្ពស់។

លោកកិត្តិសេដ្ឋាបណ្ឌិត សូមឲ្យមន្ត្រីទាំងអស់ចូលបំពេញការងារចាប់ពីសប្តាហ៍ក្រោយ ក្នុងនាមជាមន្រ្តីជាប់កិច្ចសន្យាសិន រហូតដល់ឆ្នាំ២០២១ ទើបទទួលបានក្របខណ្ឌពេញសិទ្ធិ៕