(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្នុងគោលបំណងក្តាប់ឲ្យបាន រាល់ព័ត៌មាន និងព្រឹត្តិការណ៍ផ្សេងៗ ពិសេសការងារគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីត្រៀមកម្លាំងអន្តរាគមន៍បង្ការជួយសង្រ្គោះ មុនពេល កំលុងពេល និងក្រោយពេលគ្រោះមហន្តរាយកើតឡើង ព្រមទាំងត្រៀមនូវសម្ភារៈ និងស្បៀងសម្រាប់ធ្វើការឆ្លើយតបបានទាន់ពេលវេលា។

លោក ម៉ុម សារឿន បានណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋានត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាងទៅតាមជំនាញនីមួយៗ ក្នុងការប្រើប្រាស់កម្លាំងមធ្យោបាយសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋក្នុងករណីត្រូវជម្លៀសទៅទីទួលមានសុវត្ថិភាព។

លោក ម៉ុម សារឿន បានបន្តណែនាំឱ្យមន្ត្រីរាជការក្នុងខេត្តបន្តកិច្ចសហការជាមួយដៃគូរអភិវឌ្ឍ សប្បុរសជននានាក្នុងការត្រៀមលក្ខណៈក្នុងការបង្ការ ឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានា ដែលអាចនឹងកើតមានឡើងជាយថាហេតុក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែងទាំងមូល។

ម្យ៉ាងទៀត ត្រូវបន្តការយកចិត្តទុកដាក់អនុវត្តន៍សារាចរណែនាំរបស់រាជរដ្ឋាភិបាល និងបន្តការតាមដានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមអំពីស្ថានភាពនៃការប្រែប្រួលអាកាសធាតុ ដើម្បីបន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ និងមានវិធានការការពារ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា។

លោកអភិបាលខេត្តបានបន្តណែនាំឱ្យត្រៀមកម្លាំងជំនាញ និងត្រៀមធនធានបច្ចេកទេស ដើម្បីជួយសង្គ្រោះឱ្យបានរហ័ស និងទាន់ពេលវេលាក្នុងករណីមានគ្រោះមហន្តរាយកើតមានឡើង ជាយថាហេតុ បញ្ហាសំខាន់គឺត្រូវដឹងពីដំណោះស្រាយឲ្យបានមុន ជាពិសេសអាជ្ញាធរមានសមត្ថកិច្ច ត្រូវចេញប្រតិបត្តិការជួយសង្គ្រោះជីវិតមនុស្ស និងធ្វើការឆ្លើយតបឱ្យបានទាន់ពេលវេលា និងបន្តណែនាំជាប្រចាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីត្រៀមរៀបចំទុកជាមុន ដោយប្រើប្រាស់កម្លាំង និងមធ្យោបាយសរុបសម្រាប់អន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋ៕