(ពោធិ៍សាត់)៖ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងលោកស្រី ជា ខេង និងក្រុមការងារ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញចុះសួរសុខទុក្ខ ចែកអំណោយដល់ពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ និងពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបំផ្លាញដោយទឹកជំនន់ ក្នុងឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះផងដែរ លោករដ្ឋមន្រ្តី ស៊ុយ សែម បានពាំនាំការសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនបងប្អូនដែលរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តពោធិ៍សាត់។

លោករដ្ឋមន្រ្តី ស៊ុយ សែម ក៏បានណែនាំឲ្យប្រជាពលរដ្ឋ ធ្វើការដាំដុះ ធ្វើស្រែចំការឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារ ក្រោយទឹកជំនន់ បានស្រកចុះ ហើយលោកក៏បាន ត្រៀមគ្រាប់ពូជស្រូវ សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលខ្វះខាតផងដែរ។

ជាការចូលរួមសួរសុខទុក្ខ លោករដ្ឋមន្រ្តី ស៊ុយ សែម បាននាំយកនូវស្បៀងអាហារ និងថវិកាជូនបងប្អូន ប្រជាពលរដ្ឋដែលរងគ្រោះ មានចំនួន២១៣គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានថវិកា៥០,០០០រៀល, អង្ករ២០គីឡូ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, សាប៊ូម្សៅ១កញ្ចប់។

ដោយឡែកប្រជាពលរដ្ឋ៣០គ្រួសារ ដែលរងគ្រោះខូចខាតផ្ទះសម្បែង ទទួលបានថវិកាចំនួន៣០,០០០០រៀលបន្ថែម សម្រាប់ជួសជុលផ្ទះឡើងវិញ។

លោករដ្ឋមន្រ្តី ស៊ុយ សែម បានផ្តាំផ្ញើដល់បងប្អូនរងគ្រោះដោយទឹកជំនន់ថា ស្បៀងអាហារទាំងនេះ គឺជួយសម្រួលជីវភាព ជាបណ្ដោះអាសន្នតែប៉ុណ្ណោះ អ្វីត្រូវធ្វើបន្តទៀត គឺខិតខំបង្កបង្កើនផលឡើងវិញ។

បន្ទាប់ពីសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋរួចមក លោករដ្ឋមន្ដ្រី ស៊ុយ សែម និងលោកស្រី ជា ខេង ព្រមទាំងក្រុមការងារ បានអញ្ជើញពិនិត្យ ហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតដោយទឹកជំនន់ផងដែរ។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តី ស៊ុយ សែម បានណែនាំឲ្យមន្រ្ដីជំនាញ ធ្វើសិក្សារកវិធីក្នុងការស្តារ ការខូចខាតឡើងវិញ ឲ្យបានឆាប់រហ័ស ដើម្បីឲ្យប្រជាពលរដ្ឋ ងាយស្រួលធ្វើដំណើរ៕