(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងនៅទឹកជំនន់ ស្ថិតក្នុងភូមិបត់ត្រង់ធំ ឃុំអន្លង់ថ្ងាន់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នាឱកាសចុះសួរសុខទុក្ខនេះដែរ ឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បាននាំយកអំណោយមកចែកជូនប្រជាពលរដ្ឋដែលរងគ្រោះជាង ៦០គ្រួសារ ដែលចំណាយថវិកាចំនួន៦,០០០,០០០រៀល, មីចំនួន០២កេសធំ និងប៊ីចេងចំនួន ០២កេស សម្រាប់ជួយសម្រាលជីវភាពមួយផ្នែករបស់ពួកគាត់ក្នុងគ្រាលំបាកដោយជួបគ្រោះធម្មជាតិ ដើម្បីទុកគ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ។

ទន្ទឹមនឹងនេះដែរ មេបញ្ជារការកងរាជអាវុធហត្ថរូបនេះ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាសុខភាពឱ្យបានល្អ តាមរយៈ ការអនុវត្តការហូបស្អាត ផឹកស្អាត រស់នៅស្អាត ប្រកបដោយអនាម័យខ្ពស់ ជាពិសេសមិនត្រូវបណ្តែតបណ្តាលកូនចៅតូចៗ ឱ្យលេងទឹកឡើយ ខ្លាចក្រែងកើតមានករណីជាយថាហេតុណាមួយកើតឡើង បន្ថែមពីនេះត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះ អសិរពិស បើមានករណីសត្វទិច ឬខាំត្រូវប្រញាប់រុសរាន់ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលជិតបំផុត ដោយមិនត្រូវធ្វើការព្យាបាលដោយខ្លួនឯងឡើយ ព្រោះវាប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតយ៉ាងខ្លាំង៕