(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅសាលាបឋមសិក្សាត្របែក លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញប្រគល់កង់ និងសម្ភារសិក្សាដល់សិស្សានុសិស្សក្រីក្រចំនួន២០១នាក់ មកពីក្រុងសិរីសោភ័ណ ស្រុកស្វាយចេក ស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ។

ពិធីនេះក៏មានការចូលរួមឧបត្ថម្ភថវិកាពីលោក ឈឿង ឈីវអៀន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តបន្ទាយមានជ័យ ក្រុមការងារធនាគារ ABA សាខាខេត្តបន្ទាយមានជ័យ និងក្រុមការងារ Menulife ក្រមហ៊ុន Oppo និងសប្បុរសជនជាច្រើនទៀត។

នាឱកាសនោះលោកអភិបាលរងខេត្តបន្ទាយមានជ័យ បានផ្តាំផ្ញែឲ្យក្មួយៗ សិស្សានុសិស្សយកចិត្តទុកដាក់ខិតខំរៀនសូត្រ ដើម្បីយកនូវចំណេះដឹងអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ ហើយត្រូវពាក់ម៉ាស់ និងសម្អាតដៃជាមួយសាប៊ូឲ្យបានញឹកញាប់ ជាពិសេសត្រូវតែប្រយ័ត្នជាមួយជំនន់ទឹកភ្លៀង ដោយមិនត្រូវចុះលេងទឹកស្រះ ឬស្ទឹងជាដាច់ខាត។

ជាការតបតាមការស្នើសុំរបស់លោក តេវ ឆឿង នាយកសាលាបឋមសិក្សាត្របែក, លោក គឹង វណ្ណៈ បានឧត្តបម្ភកុំព្យូទ័រ១គ្រឿង ម៉ាស៊ីនព្រីន១គ្រឿង និងថវិកា៥៥០ដុល្លារ ក្នុងការកសាងដំបូលរោងដាក់យាន្តជំនិះ។

ដោយឡែកការស្នើសុំអគារសិក្សា១ខ្នង មាន៥បន្ទប់ លោកអភិបាលរងខេត្ត បានឲ្យដឹងថា នឹងយកសំណើរនេះ ជម្រាបជូនលោកអភិបាលខេត្ត និងប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ៕