(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានក្រើនរំលឹកឲ្យកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌទាំងអស់ ដាច់ខាតត្រូវតែទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ព្រោះសន្លឹកឆ្នោតមួយសន្លឹកមានសារសំខាន់បំផុត សម្រាប់ការបោះឆ្នោត ដែលជាសិទិ្ធនៃលទ្ធិប្រជាធិបតេយ្យ។

ការក្រើនរំលឹករបស់លោក ជា ពិសី បានធ្វើឡើងក្នុងពេលដែលលោកសំណេះសំណាល និងលើកទឹកចិត្តដោយផ្ដល់គ្រឿងឧបភោគបរិភោគ សម្ភារ និងថវិកាមួយចំនួន ដល់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ដែលតែងតែសកម្មនិងការងារប្រមាណជា ៥០នាក់ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ។

នាឱកាសសំណេះសំណាល និងលើកទឹកចិត្តដោយផ្ដល់គ្រឿងឧបភោគបរិភោគ សម្ភារ និងថវិកាមួយចំនួន ដល់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌឫស្សីកែវ ៥០នាក់នេះ, មានការចូលរួមពី លោកនាយករដ្ឋបាលខណ្ឌ និងប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធខណ្ឌ និងមន្រ្តីរាជការខណ្ឌ ផងដែរ។

ក្រៅពីក្រើនរំលឹកឲ្យកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌឫស្សីកែវទាំងអស់ ទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា, លោកអភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងប្រជាការពារសង្កាត់ ដែលបានយកចិត្តទុកដាក់ក្នុងការប្រមូលសំរាមតាមភូមិ នៃមូលដ្ឋានសង្កាត់ទាំង៧ ដើម្បីសម្អាតបរិស្ថាន នៅកំឡុងពេលកម្មករ កម្មការិនី របស់ក្រុមហ៊ុន ស៊ីន ទ្រី ធ្វើកូដកម្មមិនប្រមូលសំរាមនាមួយរយៈពេលកន្លងមកនេះ៕