(ភ្នំពេញ)៖ ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន លោក គី តិច បានចេញសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាព និងជ្រើសតាំងបន្ថែម ក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន ដោយបន្ថែមថ្មីចំនួ ៧១រូប ដែលធ្វើឲ្យសមាសភាព កើតឡើងសរុបចំនួន១៣៨រូប។ នេះបើតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ លោក គី តិច ក៏បានប្រកាសសមាសភាពសមាជិកក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន ទាំង៧១រូប ដើម្បីឆ្លើយតបនឹងតម្រូវការ ការពារស្វែងរកយុត្តិធម៌ ដល់កូនក្តីរបស់ខ្លួន ដែលជាស្ត្រីក្រីក្រ។ ពិធីប្រកាសសមាសភាព សមាជិកក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែនថ្មីនេះ បានធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី។

សូមជំរាបថា នៅក្នុងឆ្នាំ២០១៩កន្លងមកនេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានជួបសម្ភាសន៍ និងសេវាផ្តល់យោបល់ផ្នែកច្បាប់ ជូនដល់ស្ត្រីក្រីក្ររងគ្រោះ ខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ នៅតាមបណ្តាខេត្ត-ក្រុង សរុបមានចំនួន ១,៩៣២ករណី។ នៅក្នុងឆ្នាំ២០១៩ សំណុំរឿងទាំង ១,៩៣២ករណី ត្រូវបានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានសម្រេចទទួលយការពារតាមនីតិវិធី ចំនួន ៥២ករណី ហើយក្នុងចំណោមសំណុំរឿងទាំង ៥២ករណី ក្រុមមេធាវីបានចាត់ការតាមនីតិវិធី បានចំនួន ២៤ករណី។

គោលបំណងចម្បង ដែលសម្តេចតេជោសែន បង្កើតក្រុមមេធាវីស្ម័គ្រចិត្តនេះឡើង គឺសម្តេចបានគិតគូយ៉ាងល្អិតល្អន់ ក្នុងគោលដៅជួយដល់ស្ត្រី ដែលមានជីវភាពក្រីក្រ ជាពិសេសដែលត្រូវបានបាត់បង់សិទ្ធិ ពុំមានការការពារតាមផ្លូវច្បាប់។ ក្នុងនោះចំពោះទណ្ឌិតដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ និងជនត្រូវចោទ ដែលបានឃុំខ្លួនបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ក៏ត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់ផងដែរ៕