(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់សារជាថ្មី ដោយគាំទ្រដល់រដ្ឋាភិបាលចិននូវ «គោលនយោបាយចិនតែមួយ» ខណៈចិនវិញក៏បញ្ជាក់សារជាថ្មីដែរ គឺគាំទ្រកម្ពុជាក្នុងការការពារ អធិបតេយ្យភាពរបស់ខ្លួន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ជំហរគាំទ្រគ្នាទៅវិញទៅមករបស់ភាគីទាំង២ បានធ្វើឡើងក្នុងជំនួបរវាង ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីក្រសួងការបរទេសចិន ក្នុងឱកាសលោក វ៉ាង យី ដែលមកបំពេញទស្សនកិច្ចផ្លូវការ២ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ ក្នុងជំនួបនោះ ប្រមុខការទូតទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់លើការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីកង្វល់រួម។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសង្កត់ធ្ងន់អំពីសារសំខាន់ នៃការពង្រឹងពហុភាគីនិយម ដើម្បីរក្សាសន្តិភាព និងវិបុលភាពសកលលោក និងដោះស្រាយបញ្ហាប្រឈមរួម។ រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់សាជាថ្មីអំពីជំហរកម្ពុជាគាំទ្រ "គោលនយោបាយចិនមួយ" ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសចិន បានគូសបញ្ជាក់សាជាថ្មីពីការគាំទ្ររបស់ចិនចំពោះកម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងការលើកកម្ពស់តួនាទីដ៏សកម្មរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ក៏ដូចជាការគាំទ្ររបស់ចិនចំពោះមជ្ឈភាពរបស់អាស៊ាន»

នៅក្នុងជំនួបរវាងភាគីទាំងពីរ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានប្រាប់ លោក វ៉ាង យី ថា ទោះបីជាកម្ពុជា និងចិនប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ប៉ុន្តែទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅតែរឹងមាំ និងប្រកបដោយផ្លែផ្កា។ ជាក់ស្ដែង គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប និងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ នៅតែបន្តដំណើរការយ៉ាងសកម្ម ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានអបអរសាទរខួប១០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន និងខួប ១ឆ្នាំ នៃការបង្កើតសហគមន៍វាសនារួមកម្ពុជា-ចិន។

ភាគីទាំងពីរ បានសម្តែងនូវការពេញចិត្តយ៉ាងខ្លំាងចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានឯកភាពលើកកម្ពស់ការផ្លាស់ប្ដូរ ទស្សនកិច្ចរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ ព្រមទាំងបានឯកភាពបន្តជំរុញកិច្ចសហការយ៉ាងជិតស្និទ្ធលើវិស័យនយោបាយ សន្តិសុខ ការប្រឆាំងនឹងការជួញដូរមនុស្ស ពាណិជ្ជកម្ម វិនិយោគ ឧស្សាហកម្ម អប់រំ វប្បធម៌ ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ ភាគីកម្ពុជា បានគាំទ្រគំនិតផ្ដួចផ្ដើមសកលរបស់ចិន ស្ដីពីសុវត្ថិភាពទិន្នន័យ ដើម្បីកិច្ចការពារសន្តិសុខបច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលសម្រាប់ទាំងអស់គ្នាផងដែរ។

បើតាមក្រសួងការបរទេស, លោក វ៉ាង យី បានលើកទឹកចិត្តឱ្យផ្នែកឯកជនកម្ពុជា ចូលរួមការតាំងពិព័រណ៍នាំចូលអន្តរជាតិរបស់ចិនលើកទី៣ នៅប្រទេសចិន ដើម្បីផ្សព្វផ្សាយពីផលិតផល និងសេវាកម្មកម្ពុជា៕