(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ និងយុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា បានរៀបចំកម្មវិធីសប្បុរសធម៌បរិច្ចាគឈាម ដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមលើកទី២ សម្រាប់ឆ្នាំ២០២០។

កម្មវិធីសប្បុរសធម៌បរិច្ចាគឈាម ដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមលើកទី២ នៃឆ្នាំ២០២០ របស់ក្រសួងរ៉ែ និងថាមពលនេះ គឺព្រឹត្តិការណ៍លើកទី ៦ហើយ ដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង បានចូលរួមចំណែកលើកស្ទួយ វិស័យសុខាភិបាល តាមរយៈការបរិច្ចាគឈាមដើម្បីជាជំនួយ ដល់ជនរួមជាតិគ្រប់រូប ដែលមានតម្រូវការឈាមជាបន្ទាន់ក្នុងគ្រាអាសន្ន។

លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានជំរុញ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់គ្រប់ជាន់ថ្នាក់ នៃក្រសួងរ៉ែ និងថាមពល ក៏ដូចជាប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាមទាំងអស់គ្នា។ លោកថ្លែងថា ការផ្តល់ឈាមពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះឈាម១ប្លោកៗរ បស់អ្នក អាចជួយជីវិតមនុស្សដទៃបាន ដែលអាចជាសាច់ញាតិអ្នក និងប្រជាជនយើងទាំងមូល។

គិតត្រឹមព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ សម្រាប់កម្មវិធីបរិច្ចាគឈាមនេះ ទទួលបានឈាម ៦០ប្លោក។ នេះបើតាមមន្ត្រីក្រសួងរ៉ែ និងថាមពល។

លោក ឌិត ទីណា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជីវិតមនុស្សម្នាក់ៗមិនមែនសម្រាប់យកមកជួញដូរទេ តែសម្រាប់ជួយគ្នាទៅវិញទៅមក។ អញ្ចឹងឆ្លងកាត់បទពិសោធន៍មួយចំនួន ខ្ញុំនៅតែជំរុញឲ្យបងប្អូនជនរួមជាតិយើង ចូលរួមផ្តល់ឈាម។ ទោះបីថ្ងៃនេះមិនមែនសម្រាប់ក្រុមគ្រួសារយើង មិត្តភក្តិយើង និងអ្នកនៅជិតស្និតជាមួយយើង ក៏អាចនៅថ្ងៃណាមួយយើងនឹងមានតម្រូវការ ហើយយើងនឹសប្បាយចិត្តនៅពេលឃើញថា ការចូលរួមទាំងអស់គ្នាផ្តល់នូវផលប្រយោជន៍ ផ្តល់នូវជីវិតសម្រាប់អ្នកដែលយើងស្រឡាញ់បាន»។

សូមបញ្ជាក់ថា កម្មវិធីនេះត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២ ចាប់ពីម៉ោង ៨ព្រឹកតទៅ នៅទីស្តីការក្រសួង ដើម្បីចូលរួមជួយដល់ជនរងគ្រោះគ្រប់រូប ដែលមានតម្រូវការឈាមជាបន្ទាន់ ក្នុងគ្រាអាសន្ន ពិសេសនាអំឡុងរយៈកាល នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ កម្មវិធីនេះ ក៏ដើម្បីចូលរួមចំណែកលើកស្ទួយ វិស័យសុខាភិបាល និងសុខមាលភាពសង្គម ព្រមទាំងជាការបញ្ជាក់អំពីទឹកចិត្តសប្បុរស និងទឹកចិត្តអាណិតស្រឡាញ់ ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យរ៉ែ និងថាមពលផងដែរ៕