(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកស្អាត ក្រោមប្រធានបទ «ទេសចរណ៍ និងការអភិវឌ្ឍជនបទ» ដោយការចូលរួមពីលោក ម៉ាក់ ប៊ុន ហុង អភិបាលក្រុងស្ទឹងសែន លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ និងមន្ទីរជុំវិញខេត្តរួមទាំងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ រួមគ្នាសំអាតបរិស្ថានក្នុងបរិវេណក្រុងស្ទឹងសែននៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។

លោក សុខ លូ បានអានសារសម្តេចតេជោ ហ៊ុន សែន និងមានប្រសាសន៍នៅខេត្តកំពង់ធំ មានទីតាំងទេសចរណ៍ជាច្រើនកន្លែងដូច ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ និងរមណីយដ្ឋានកែច្នៃ ខណៈនេះអាជ្ញាធរខេត្តកំពង់ធំ កំពុងតែយកចិត្តទុកដាក់គ្រោងរៀបចំបង្កើតកន្លែងទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក និងក្រៅស្រុកមកកំសាន្តបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ជាពិសេសរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកដែលបាន ដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងកំពុងតែដើរតួនាទីសំខាន់ លើឆាកអន្តរជាតិហើយសង្ឃឹមថា នឹងមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកំសាន្តជាច្រើននៅពេលខាងមុខនេះ មិនខាននៅពេលស្ថានភាពជំងឺកូវិដ១៩ត្រូវបានបញ្ចប់។

លោកបានលើកឡើងពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ គ្មានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ គ្មានករណីស្លាប់ មានតែករណីវិជ្ជមាននាំចូលតិចតួច ដែលបានទទួលការត្រួតពិនិត្យព្យាបាលថែទាំដោយគ្រូពេទ្យជំនាញកម្ពុជា គ្រូពេទ្យស្ម័គ្រចិត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធប្រកបដោយភាពហ្មត់ចត់ក្នុងនោះ កម្ពុជាក៏បានដាក់ចេញនូវវិធាននានាដើម្បីជួយសង្គ្រោះអាជីវកម្ម បុគ្គលិកបម្រើការងារព្រមទាំងប្រជាពលរដ្ឋក្រីក្ររងផលប៉ះពាល់ដោយជំងឺ COVID-19 ផងដែ។

ក្នុងឱកាសនេះផងដែរលោក សុខ លូ បាន អំពាវឲ្យកងកម្លាំង និងមន្ទីរពាក់ព័ន្ឋរួមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រៀមជួយសង្រ្គោះ និងជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ដើម្បីរំដោះបងប្អូនប្រជាពលរដ្ឋដែលប្រឈមទឹកជំនន់ និងជនងាយរងគ្រោះនៅពេលដែលកំណើនទឹកជំនន់ឈានដល់ចំណុចប្រកាសអាសន្ននិងសូមអោយបងប្អូនប្រជា ពលរដ្ឋទាំងអស់ថែរក្សាសុខភាពអនាម័យហូបស្អាត ផឹកស្អាត រស់នៅស្អាត ការពារសត្វពាហនៈគោ ក្របី ជ្រូក មាន់ ទា ឲ្យមានសុវត្ថិភាពចៀសវាងខូចខាតបាត់បង់ក្នុងកាលៈទេសៈ មានទឹកជំនន់នេះ៕