(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូ ការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី អាស៊ាន-ហុងកុង (AHKFTA) នៃសាធារណរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ជាមួយអន្តរគណៈកម្មការព្រឹទ្ធសភា ដែលដឹកនាំដោយ លោក គង់ សារាជ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា។

ក្នុងនាមតំណាងរាជរដ្ឋាភិបាល រដ្ឋមន្រ្តី ប៉ាន សូរស័ក្ដិ បានឡើងថ្លែងការពារសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ហុងកុង និងបានជម្រាបអង្គប្រជុំ អំពីខ្លឹមសារសំខាន់ៗ ព្រមទាំងអត្ថប្រយោជន៍ដែលកម្ពុជា នឹងទទួលបាននៅពេលកិច្ចព្រមព្រៀងនេះ ចូលជាធរមាន និងបានឆ្លើយសំណួរស្វែងយល់បន្ថែម របស់គណៈកម្មការព្រឹទ្ធសភា យ៉ាងក្បោះក្បាយផងដែរ។

បន្ទាប់ពីជជែកពិភាក្សាយ៉ាងផុសផុលរួចមក គណៈកម្មការទី៩ នៃព្រឹទ្ធសភាបានអនុម័តយល់ព្រមជាឯកច្ឆន្ទ ដាក់សេចក្តីព្រាងច្បាប់ខាងលើទៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍ពិនិត្យ មុននឹងសុំការអនុម័តយល់ព្រមពីកិច្ចប្រជុំពេញ អង្គព្រឹទ្ធសភានាពេលខាងមុខ។

ក្នុងកិច្ចប្រជុំនេះផងដែរ រដ្ឋមន្រ្តី ប៉ាន សូរស័ក្ដិ ក៏បានជម្រាបអង្គប្រជុំពីកិច្ចខិតខំរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការនាំចេញតាមរយៈការធ្វើពិពិធកម្មទីផ្សារ និងស្វែងរកទីផ្សារបន្ថែម តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ ផងដែរ៕