(បន្ទាយមានជ័យ)៖ រហូតមកដល់ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ពន្ធនាគារខេត្តបន្ទាយមានជ័យ នៅតែរងការវាយប្រហារដោយទឹកជំនន់ ហើយអ្នកជាប់ឃុំទាំងអស់ ត្រូវបានបន្តដឹកជម្លៀសទៅពន្ធនាគារខេត្តផ្សេងៗ ដែលនៅក្បែរ ក្នុងនោះមាននៅពន្ធនាគារខេត្តសៀមរាបផងដែរ។ របាយការណ៍បានឲ្យដឹងថា ចំនួនជនជាប់ឃុំក្នុងពន្ធនាគារនេះមានជាង១,៦០០នាក់ ក្នុងនោះស្រី១០០នាក់។

នៅព្រឹកថ្ងៃទី១៤ ខែតុលា គណៈគ្រប់គ្រងពន្ធនាគារខេត្ត កំពុងបន្តជម្លៀសអ្នកជាប់ឃុំចេញទៅពន្ធនាគារខេត្តផ្សេងដែលនៅក្បែរ ដើម្បីកុំឲ្យមានហានិភ័យអ្វីកើតឡើង។

ជាមួយគ្នានេះ លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ក៏បានឲ្យដឹងដែរថា ជនជាប់ឃុំក្នុងពន្ធនាគារនេះមានចំនួនជាង១,៦០០នាក់ ក្នុងនោះស្រី១០០នាក់។ ទឹកបានហូរចូលមកក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ យ៉ាងគំហុកធ្វើឲ្យមានការលិចអាគាររដ្ឋបាល និងបន្តហូរចូលទៅក្នុងអាគារស្នាក់នៅរបស់ជនជាប់ឃុំ។

គួរជម្រាបថា រហូតមកដល់ពេលនេះ ទឹកជំនន់បានវាយប្រហារយ៉ាងខ្លាំងដល់ខេត្តបន្ទាយមានជ័យ។ របាយការណ៍បញ្ជាក់ថា ទឹកជន់លិចនៅស្រុកមួយចំនួន ប៉ះពាល់ប្រជាលរដ្ឋជិតជាច្រើនពាន់គ្រួសារ និងប៉ះពាល់សន្ទូង ផលដំណាំផ្សេងៗជិតខ្ទង់ពាន់ហិកតា។

ស្ថានភាពលំបាកនេះ នៅព្រឹកថ្ងៃនេះលោកទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ក្រោមការបញ្ជាផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងអភិបាលខេត្តបន្ទាយមានជ័យ បានចុះតាមដាន និងពិនិត្យជាប់ជាប្រចាំផងដែរ នៅខេត្តកំពុងរងនូវការវាយប្រហារដោយទឹកជំនន់នេះ៕