(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោង១១ព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋខណ្ឌដង្កោ សរុប៣២១គ្រួសារ កំពុងរងគ្រោះដោយសារជំនន់ទឹកស្ទឹងព្រែកត្នោត ខណៈរហូតមកដល់ ពេលនេះទំនប់សណ្ដរនៅតំបន់មួយចំនួនបានបាក់ដោយសារកម្លាំងទឹកបុកខ្លាំង។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ប្រជាពលរដ្ឋដែលរងគ្រោះនោះ រួមមាន សង្កាត់ទៀន ចំនួន៤៧គ្រួសារ ស្មើ៣៣ខ្នងផ្ទះ, សង្កាត់សាក់សំពៅ ចំនួន១០៧គ្រួសារ ស្មើ៦៦ខ្នងផ្ទះ, សង្កាត់ស្ពានថ្ម ចំនួន៥៤គ្រួសារ ស្មើ២៧ខ្នងផ្ទះ និងសង្កាត់គងនយ ចំនួន១១៣គ្រួសារ ស្មើ១០៦ខ្នងផ្ទះ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តដឹកនាំមន្ត្រី អាជ្ញាធរ កងកម្លាំងទាំង៣ប្រភេទ ចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ផ្ទាល់តែម្តង។ ក្នុងនោះ លោកអភិបាល ដោយបានបែងជា៣ក្រុម ចុះផ្ទាល់តាមភូមិដើម្បីពិនិត្យស្ថានភាពទឹក និងការរងគ្រោះជាក់ស្តែង។

លោក ឃួង ស្រេង បានក្រើនរំលឹក និងណែនាំឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នថែរក្សាសុខភាព និងស្ដាប់តាមការណែនាំរបស់កម្លាំងអាជ្ញាធរដែលកំពុងអន្ដរាគមន៍ ដើម្បីប្រចាំការជួយសង្គ្រោះនៅតំបន់ដែលកំពុងរងគ្រោះ។

គួរជម្រាបថា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់បទបញ្ជាដល់គណៈបញ្ជាការឯការភាពខណ្ឌទាំង១៤ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងទីបញ្ជាការដ្ឋានអាវុធហត្ថ ត្រៀមកម្លាំងដើម្បីជួយអន្តរាគមន៍ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពនៅពេលដែលទំនប់សណ្តរស្ទឹងបានបាក់ធ្លាយ៕