(ពោធិ៍សាត់)៖ លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី និងលោក ហ៊ីង បញ្ញារិទ្ធ ជាស្វាមី បាននាំយកអំណោយសរុបជាង១ម៉ឺនដុល្លារ ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ រស់នៅក្នុងខេត្តពោធិ៍សាត់។

អំណោយដែលលោកស្រី និងស្វាមី យកមកប្រគល់ជូន លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដើម្បីចូលរួមចំណែកជួយជនរងគ្រោះ ដោយទឹកជំនន់ នាពេលនេះរួមមាន អង្ករ ចំនួន១០តោន, ត្រីខកំប៉ុង ចំនួ ន៥០កេសធំ, ទឹកស៊ីអ៊ីវ ចំនួន៥០០យួរ, មី ចំនួន៦០កេសធំ សរុបជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ។

ជាមួយគ្នានោះ លោកស្រី និងស្វាមី ក៏បានចូលរួមជាថវិកា ៥លានរៀល ជួយជនរងគ្រោះតាមផ្ទះ និងលើកទឹកចិត្តសមត្ថកិច្ចព្រមទាំងប្រជាជន នៅទីតាំងរងគ្រោះម្នាក់ ៥ម៉ឺនរៀលបន្ថែម។

បន្ថែមពីលើនេះ លោកស្រី ទ្រី ដាណា បង្ហាញក្តីសង្ឃឹមថា គ្រោះធម្មជាតិនេះ នឹងរសាត់ទៅផុតឆាប់ៗ និងសូមអរគុណ ដល់លោកពូអភិបាលខេត្ត ខិតខំជួយប្រជាពលរដ្ឋ ហើយក៏អរគុណដល់ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចទាំងអស់ ជួយអន្តរាគមន៍ជួយប្រជាពលរដ្ឋផងដែរ។

នៅក្នុងឱកាសនោះដែរ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ក៏បានថ្លែងអរគុណដល់សប្បុរសជន នៅតែបន្តចូលរួមឧបត្ថម្ភ ជួយដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង៕