(ភ្នំពេញ)៖ ទំនប់សណ្តរស្ទឹងព្រែកត្នោត បាននិងកំពុងប្រឈមការបាក់ដោយសារជំនន់ទឹកភ្លៀងនៅតាមស្ទឹងព្រែកត្នោត ហើយបើសិនមានការបាក់ធ្លាយនោះ ប្រជាពលរដ្ឋរាប់រយគ្រួសារនៅតាមសង្កាត់មួយចំនួនរបស់ខណ្ឌដង្កោ នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ។

តាំងពីល្ងាចរហូតមកដល់យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បាននិងកំពុងដឹកនាំក្រុមការងារបចេ្ចកទេសក្រសួង និងអាជ្ញាធរមូលដ្ឋាន ធ្វើការអន្តរាគមន៍ទប់ជំនន់ស្ទឹងព្រែកត្នោត នៅភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។

ស្ថានភាពទឹកជាក់ស្តែងនៅពេលនេះ គឺដល់កម្រិតប្រកាសអាសន្នប្រឈមនឹងការជន់ជំនន់ស្ទឹងព្រែកត្នោត ដោយសារបរិមាណទឹកហូរខ្លាំងមកពីផ្នែកខាងលើចូលក្នុងស្ទឹងព្រែកត្នោតបន្ថែម និងភ្លៀងធ្លាក់ខ្លាំងមុននេះលើសពីកម្រិត ៧២,៨០មីលីម៉ែត្រ ត្រឹមម៉ោង ១៨:៤០នាទីយប់ ដែលបណ្តាលឲ្យកម្ពស់ទឹកនៅទំនប់អាងទឹក៧មករាឡើងខ្ពស់ កម្ពស់អតិបរមាកាលពីឆ្នាំ២០១៨ទៅទៀត ដោយកម្ពស់ទឹកនៅទ្វារទឹកខាងមុខពេលនេះ មានកម្ពស់ ៦,៣៤ ម៉ែត្រហូលើទ្វារទឹកកម្ពស់ ១,៥៤ ម៉ែត្រ កម្ពស់ទ្វារទឹកក្រោយ ៩,១០ម៉ែត្រ ដែលកម្ពស់ទឹកស្ទឹងព្រែកត្នោតឆ្នាំនេះ ខ្ពស់ជាងកម្ពស់អតិបរមាកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ដែលមានកម្ពស់ទ្វារទឹកមុខត្រឹម ៥,៨៥ ម៉ែត្រ ហូលើទ្វារទឹកកម្ពស់ ១,០៥ម៉ែត្រ កម្ពស់ទ្វារទឹកខាងក្រោយ ៨,៥៨ ម៉ែត្រប៉ុណ្ណោះ។

គិតចាំពីពេលថ្ងៃត្រង់មកដល់ពេលនេះ កម្ពស់ទឹកបានហក់ឡើង ០,៣០ម៉ែត្របន្ថែម ធ្វើឲ្យកម្ពស់ទឹកដែលស្មើនឹងកម្រិតកម្ពស់ខ្នងទំនប់ (ដែលបានច្រកបាវខ្សាច់លើកកម្ពស់ ០,៤០-០,៥០ម៉ែត្រ) បន្តកើនកម្ពស់ទឹកទៅហូរលើពីបាវខ្សាច់ ហូរចុះទៅផ្នែកខាងក្រោមជាបណ្តើរៗហើយ។

ជាការអំពាវនាវរបស់ក្រសួងធនធានទឹក និងឧតុនិយម សូមបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយសណ្តរទំនប់ និងផ្នែកខាងក្រោមមេត្តាប្រុងប្រយ័ត្ន និងត្រៀមលក្ខណ:ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ ជាយថាហេតុពីជំនន់ទឹកភ្លៀង លើសណ្តរស្ទឹងព្រែកត្នោតនេះ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់បទបញ្ជាដល់គណៈបញ្ជាការឯការភាពខណ្ឌទាំង១៤ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងទីបញ្ជាការដ្ឋានអាវុធហត្ថ ត្រៀមកម្លាំងដើម្បីជួយអន្តរាគមន៍ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពនៅពេលដែលទំនប់សណ្តរស្ទឹងបានបាក់ធ្លាយ៕