(ពោធិ៍សាត់)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានបន្ដចុះពិនិត្យស្ថានភាព និងសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តភាគពាយព្យ ប្រទេសកម្ពុជា។

គ្រាដែលលោកកំពុងចុះពិនិត្យស្ថានភាពនោះ ក៏បានដាក់បទបញ្ជាឲ្យ លោក គីម សុផារុន ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំមន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ជាមួយលោកឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការកលពលតូចអន្តារគមន៍លេខ១ បាននាំអំណោយមនុស្សធម៌ដល់ជនរងគ្រោះ ដោយគ្រោះទឹកជំនន់ចំនួន២៥០គ្រួសារ នៅឃុំកញ្ជា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

អំណោយមនុស្សធម៌ ដែលទេសរដ្ឋមន្ដ្រី គន់ គីម ចាត់ក្រុមការងារយកទៅចែកជូនប្រជាពលរដ្ឋទាំង២៥០គ្រួសារនោះ រួមមាន មីកញ្ចប់, ត្រីខ, តង់ និងឃីតសម្ភារអនាម័យខ្លួនប្រាណផងដែរ។

គួរជម្រាបថា លោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន លើការងារគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវដល់អាជ្ញាធរនៅតាមមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ ទាំងអស់អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាសម្តេចតេជោ អគ្គមេបញ្ជាការកំពូលលើសមរភូមិ គ្រប់គ្រងគ្រោះមហន្តរាយនេះ ចេញជួយពលរដ្ឋឲ្យបានទាន់ពេលវេលា និងដោយស្មារតីយកចិត្តទុកដាក់ខ្ពស់។

បើទោះបីជាយ៉ាងណាលោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ដែលធ្វើសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំជាទីបំផុត។

ក្នុងនាមជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយលោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់សម្បុរសជនមានលទ្ធភាពជួយផ្តល់ស្បៀង និងសម្ភារប្រើប្រាស់ផ្សេងៗដើម្បីដោះស្រាយការលំបាករបស់ពលរដ្ឋរងគ្រោះ៕