(ភ្នំពេញ)៖ ស្ថានភាពទឹកស្ទឹងព្រែកត្នោត កាន់តែជន់ឡើងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយបានជន់លិចភូមិឋានរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅតាមសណ្ដរស្ទឹងមួយនេះ។ គិតត្រឹមវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋចំនួន៧៧១គ្រួសារហើយ នៅខណ្ឌដង្កោ ដែលត្រូវទឹកជំនន់វាយប្រហារ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅរសៀលនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននិងនាំមន្ដ្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពតាមភូមិឋានរបស់ប្រជាពលរដ្ឋដែលត្រូវជំនន់ស្ទឹងព្រែកត្នោតវាយប្រហារ។ លោក ឃួង ស្រេង បានចុះពិនិត្យប្រជាពលរដ្ឋនៅសង្កាត់ទៀន ខណ្ឌដង្កោ ដែលទឹកទើបហូរចូលផ្ទះចំនួន៦០គ្រួសារ ស្មើមនុស្ស២១០នាក់។

បើតាមអាជ្ញាធរខណ្ឌដង្កោ រហូតមកដល់ម៉ោងនេះ សង្កាត់ចំនួន៧ហើយ ក្នុងចំណោមសង្កាត់ទាំង ១២របស់ខណ្ឌដង្កោ ដែលត្រូវបានលិចលង់ដោយទឹកជំនន់ ក្នុងនោះមានប្រជាពលរដ្ឋ៧៧១គ្រួសារ ដែលរងផលប៉ះពាល់។ វិធានការណ៍ចំពោះមុខដើម្បីទប់ស្កាត់ស្ថានភាពជន់លិចនេះ លោក ឃួង ស្រេង បានបញ្ជាឲ្យចាក់ដីទប់តាមសណ្ដរស្ទឹងព្រែកត្នោតជាបណ្ដោះអាសន្នសិន។

ជាមួយគ្នានេះ លោក ឃួង ស្រេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមសណ្ដរស្ទឹងព្រែកត្នោត ក្នុងមូលដ្ឋានខណ្ឌដង្កោ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកស្ទឹងព្រែកត្នោត កាន់តែហក់ឡើងខ្ពស់ពីមួយនាទី ទៅមួយនាទី មិនទាន់ថយចុះឡើយ។ ប៉ុន្ដែកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ត្រៀមលក្ខណៈ និងចេញជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់វិនាទីទាំងអស់។

បន្ថែមពីនេះ អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យអភិបាលខណ្ឌដង្កោ ចុះចលនាប្រជាជនតាមភូមិ ចូលរួមលើកដី ធ្វើជាទំនប់ទប់ទឹក នៅតាមសណ្ដរស្ទឹងព្រែកត្នោតនេះផងដែរ។ ពិសេសអ្នកមានដីតាមដងស្ទឹង ចូលរួមចែករំលែកជួយជាគ្រឿងចក្រ កាយដី ដើម្បីលើកជាទំនប់ ការពារទឹកហូរចូលភូមិឋានផ្សេងទៀត។

គួរជម្រាបថា ពាក់ព័ន្ធស្ថានភាពទឹកស្ទឹងត្រែត្នោតនេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួង បានចុះពិនិត្យ និងបញ្ជាការងារអន្តារាគមន៍ផ្ទាល់ នៅលើបណ្តោយខ្នងទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលពេលនេះកំពុងប្រឈមដោយជំនន់ទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។

ស្ថានភាពទឹកនៅទ្វារ ទំនប់អាងទឹក៧មករាព្រឹកនេះទឹក មានកម្ពស់៨,៨០ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញមានការកើនឡើង ០,៤៥ម៉ែត្របន្ថែម លើសកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៧ម៉ែត្រ ធ្វើឲ្យកម្ពស់ទឹកក្នុងស្ទឹងឡើងជិតស្មើនឹងខ្នងទំនប់នៅតាមទីទំនាបមួយចំនួន។

ចាប់តាំងពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ចំនួន ២៧គ្រឿង និងកម្លាំងពលកម្មប្រចាំការ២៤ម៉ោងនិង ជាពិសេសតាំងពីយប់ម្សិលមិញ រហូតដល់វេលាថ្ងៃត្រង់នេះ ក្រុមការងាររបស់ក្រសួងបានខិតខំអន្តរាគមន៍ រហូតគ្រប់គ្រងសភាពការណ៍ស្ថានភាពទឹកជំនន់ ដែលកំពុងយាយីបានទាំងស្រុងមកវិញ៕