(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានស្នើដល់បណ្តាអង្គការដៃគូរនានា ជាពិសេសអង្គការ Save the Children ក្នុងការលើកកម្ពស់វិស័យសង្គមកិច្ចនៅកម្ពុជា។

លោក វង សូត បានលើកឡើងថា ក្រៅពីការសហការរបស់អង្គការ Save the Children ក្នុងការជួយដល់កុមារៗនៅកម្ពុជា លោកក៏បានលើកឡើងថា អាណាព្យាបាលកុមារៗ ក៏ត្រូវចូលរួមចំណែក ជួយដល់កុមារៗផងដែរ ពីព្រោះថា នៅក្នុងវ័យកុមារភាព នេះគឺពិតជាមានសារៈសំខាន់ណាស់ ដូចនេះហើយឪពុកម្តាយគ្រប់រូបគួរតែព្យាយាម បង្ហាត់បង្រៀនកូនឱ្យគាត់ចេះរៀន តាមរបៀបក្មេង ដូចជា ការលេង ការធ្វើចលនា ការអានសៀវភៅ ការគូររូប និងតាមរបៀបផ្សេងៗទៀត ធ្វើយ៉ាងណាឱ្យពួកគេបានចាប់អារម្មណ៍ពីការរៀនសូត្រនេះ ធ្វើយ៉ាងណាត្រូវតែពង្រឹងគ្រឹះ ពីខាងក្រោមឱ្យបានរឹងមាំ ទើបធំឡើងពួកគេនឹងទទួលបានជោគជ័យ។

ការលើកឡើងរបស់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើឡើងខណៈលោក ជួបសម្តែងការគួរសម ជាមួយលោកស្រី Elizabeth Pearce នាយិកាអង្គការ Save the Children រៀបចំធ្វើនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នាទីស្តីការក្រសួងសង្គមកិច្ច។

បន្ថែមពីលើនេះ លោកស្រី Elizabeth Pearce បានលើកឡើងថា អង្គការ Save the Children បានជួយការងារជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ដូចជាការជួយបណ្តុះបណ្តាលការរៀន សូត្ររបស់កុមារ ការទប់ស្កាត់អំពើហិង្សាលើកុមារ និងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់កុមារក្រីក្រផងដែរ។

ថ្លែងក្នុងឱកាសនេះ លោកស្រី Elizabeth Pearce បានប្តេជ្ញាថា អង្គការ Save the Children គឺនៅតែបន្តកិច្ចសហការល្អជាមួយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច ដើម្បីលើកកម្ពស់វិស័យសង្គមកិច្ចនៅកម្ពុជា ជាពិសេសលើផការងារជួយដល់កុមារៗនៅកម្ពុជា។

ជាការឆ្លើយតប លោក វង សូត ក៏បានថ្លែងអំណរគុណលោកស្រី Elizabeth Pearce នាយិកាអង្គការ Save the Children ដែលបានជួយដល់កម្ពុជា និងបានបង្ហាញពីចក្ខុវិស័យ ក្នុងការបន្តចំណងមិត្តភាព និងកិច្ចសហការល្អជាមួយគ្នាបន្តទៀត មិនថាពេលនេះ ឬយូរអង្វែងទៅមុខទៀត៕