(កំពង់ឆ្នាំង)៖ ផ្ទះបុរាណមួយខ្នងសង់អំពីឈើ ស្ថិតក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ត្រូវបានគេអះអាងថា មានអាយុកាលចូលខ្ទង់រយឆ្នាំមកហើយ ប៉ុន្តែនៅតែរក្សាបាននូវគុណភាព និងសោភ័ណភាពស្ទើរតែ ១០០ភាគរយ។

ផ្ទះបុរាណខាងលើនេះ គឺជាម៉ូតផ្ទះប៉ិត មានក្បូរក្បាច់រចនាតាមបែបបុរាណ មានទំហំ ៣០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ ដំបូលប្រក់ក្បឿង ក្រាលក្តារ ជញ្ជាំងក្តារ ពិដានក្តារ ដែលមានសសររៀងបួនជួរ ក្នុងមួយជួរមាន ១៣ដើម គល់សសរមានទំហំ ២.៥ តឹក កម្ពស់សសរជើងរាងជាង ៨ម៉ែត្រ និងមានសសរកន្លោងជើងជ្រែងជាង ១០ដើម មានប្រវែងជាង ១០ម៉ែត្រក្នុងមួយដើមៗ ដែលសសរទាំងអស់កប់ចូលទៅក្នុងដីជម្រៅ ២ម៉ែត្រ និងមានក្នៀបកៀបគល់សសរក្នុងដីខ្វាត់ខ្វែងជាច្រើនទៀតផង។

ប៉ែកខាងលើមានក្នៀប និងផ្ទោងកម្រាស់ ៥ ហ៊ុន ទទា ២.៥ តឹក ចាប់ខ្ចៅដែក និងប្រើដែកគោលក្បាលធំៗ ដោយផ្ទះនេះសង់ផុតពីដីកម្ពស់ ៤ ម៉ែត្រ និងមាន ៩ បន្ទប់ មានច្រកដើរកៀនបន្ទប់ចំនួន ៤ ច្រក។ ផ្ទះនេះផងដែរ សង់នៅតាមមាត់ទន្លេដោយបែរមុខទៅខាងទន្លេ ទល់មុខចំភ្នំនាងកង្រី។

បើតាមការរៀបរាប់ពីចាស់ៗដែលគាត់បានមករស់នៅលើផ្ទះនេះ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង លោក សាយ សន្យា នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នេះឱ្យដឹងថា ពួកគាត់បានមករស់នៅលើផ្ទះនេះតាំងពីឆ្នាំ១៩៧៩ ពីដើមមានអ្នករស់នៅចំនួន ១៣គ្រួសារ តែបច្ចុប្បន្ននៅតែ ១០គ្រួសារប៉ុណ្ណោះ ដោយ៣គ្រួសារទៀតគេបានទៅរស់នៅកន្លែងផ្សេង តែបន្ទប់របស់គេនៅលើផ្ទះនេះគេបានចាក់សោទុកចោល។

លោកតាម្នាក់ក្នុងចំណោមពួកគាត់ទាំងបីនាក់ បានរៀបរាប់ប្រាប់ឱ្យដឹងថា ផ្ទះនេះមិនមានអ្នកណាដឹងថាមានអាយុកាលប៉ុន្មានឆ្នាំមកហើយនោះទេ សូម្បីតែរូបលោកតាផ្ទាល់ដែលបច្ចុប្បន្នមានអាយុជាង ៧០ ឆ្នាំទៅហើយនោះក៏មិនបានដឹងដែរ។ នៅពេលដែលគាត់កើតមកដឹងក្តី គឺឃើញផ្ទះនេះនៅដដែលដូចសព្វថ្ងៃនេះអញ្ចឹង។

ដោយឡែក លោកយាយរបស់គាត់បើគាត់នៅរស់ដល់សព្វថ្ងៃនេះ គឺគាត់មានអាយុជាងរយឆ្នាំទៅហើយ កាលដែលលោកតានៅពីក្មេងៗលោកយាយរបស់គាត់ តែងនិយាយប្រាប់លោកតាថាលោកយាយក៏កើតមិនទាន់ផ្ទះនេះដែរ ដូច្នេះមិនមានអ្នកណាដឹងថាផ្ទះនេះមានអាយុកាលប៉ុន្មានសតវត្សមកហើយនោះទេ។

អ៊ំប្រុសម្នាក់ដែលរស់នៅលើផ្ទះនោះដែរ បានរៀបរាប់ប្រាប់ថា ផ្ទះបុរាណមួយនេះ គាត់បានស្គាល់ឈើខ្លះៗ គឺមានឈើតែបីប្រភេទប៉ុណ្ណោះ ដែលត្រូវបានគេយកមកធ្វើ រួមមាន៖

១៖ ក្នៀបលើ ក្នៀបក្រោម និងសសរទាំងអស់ គឺជាប្រភេទឈើផ្ចឹក
២៖ ក្តាររនាប ក្តារជញ្ជាំង និងពិដានលើ គឺជាប្រភេទឈើស្រឡៅ
៣៖ គ្រោងទ្វារបន្ទប់ធំចំកាំជណ្ដើរឡើងផ្ទះចំនួន ២ បន្ទប់ គឺជាប្រភេទឈើគ្រញូង ហើយទ្វារធំទាំងពីរនេះទៀតសោត ក៏មានឆ្លាក់ជាអក្សរចិននៅជាប់នឹងទ្វារនោះដែរ។

អ៊ំប្រុសបានបន្តថា ផ្ទះនេះត្រូវបានសង់នៅវាលទំនាបជួរមាត់ទន្លេ ដែលស្ថានភាពដីជាដីទំនាប ប៉ុន្តែនៅពេលទឹកឡើងលិចជន់ម្ដងៗ ផ្ទះនេះពុំបានលេចដល់ក្តាររនាបនោះឡើយ គឺគ្រាន់តែលិចត្រឹមតែរតផ្ទះពីខាងក្រោមតែប៉ុណ្ណោះ សូម្បីតែខ្យល់ព្យុះខ្លាំងប៉ុណ្ណា ក៏ផ្ទះនេះមិនដែលរង្គើសូម្បីតែបន្តិចនោះដែរ។

ដោយឡែក ក្បឿងប្រក់ត្រូវបានបែកបាក់ធ្លុះធ្លាយខ្លះៗ តែអ្នកដែលរស់នៅក្នុងផ្ទះនោះពុំបានរើរុះក្បឿងចេញ ហើយប្រក់ថ្មីនោះទេ គឺនៅរក្សាសភាពដើមដដែល៕