(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ កែ សំណេង នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលមានជំងឺឈាមសស៊ីឈាមក្រហម ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។

ក្នុងឱកាសចុះសួរសុខទុក្ខមន្ត្រីនគរបាលរូបនេះដែរ លោកលោកឧត្តមសេនីយ៍ត្រី ហួត សុធី ក៏បានពាំនាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីឧបម្ភជូនលោកវរសេនីយ៍ទោ កែ សំណេង ផងដែរ។

លោកស្នងការខេត្ត ក៏បានផ្តាំផ្ញើដល់លោកវរសេនីយ៍ទោ កែ សំណេង ធ្វើយ៉ាងណាខិតខំថែរក្សាសុខភាពឱ្យបានល្អប្រសើរ ព្រោះថា ជំងឺនេះបើយើងមិនចាប់អារម្មណ៍ទេមើលទៅ ដូចជាធម្មតាតែតាម ការពិតគឺវាមានសភាពធ្ងន់ធ្ងរណាស់ បើយើងមិនបានយកចិត្តទុកដាក់ទេវាអាចធ្វើទុក្ខ ឬអាចលាប់ឡើងវិញក៏ថា បានដូចនេះហើយ បញ្ហាសុខភាពគឺសំខាន់ណាស់សម្រាប់យើងម្នាក់ៗ កាល់ណាសុខ ភាពរបស់យើងមានបញ្ហាហើយ ពិបាកកែឱ្យបានដូចដើមវិញណាស់។ លោកក៏បានជំរុញឱ្យធ្វើលំហាត់ប្រាណ ជាប្រចាំ ដើម្បីសុខភាពរឹងមាំមួយកម្រិតទៀត។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនលោកលោកវរសេនីយ៍ទោ និងសូមជូនពរឱ្យលោកឆាប់ជាសះស្បើយពីជំងឺ ដើម្បីវិលត្រឡប់ទៅបម្រើការនៅក្នុងអង្គភាពដូចដើមវិញផងដែរ

ជាមួយគ្នានោះដែរ លោកវរសេនីយ៍ទោ កែ សំណេង និងក្រុមក្រួសារបានថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ត្រី ហួត សុធី និងក្រុមការងារដែលបានយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទ ដែលតែងតែមានបញ្ហាដូចជា៖ មានជំងឺដង្កាត់ផ្សេងៗ ហើយលោកសូមឱ្យក្រុមការងារជួបប្រទះតែសេចក្តីសុខកុំបីឃ្លៀងឃ្លាតឡើយ៕