(ភ្នំពេញ)៖ រុយទាហានខ្មៅ (Black Solider Fly) គឺជាឈ្មោះសត្វរុយមួយប្រភេទ ដែលគេចិញ្ចឹមសម្រាប់ធ្វើចំណីសត្វ ដូចជាមាន់ ទារ ត្រី កង្កែប បង្កង អណ្តើក កន្ធាយ និងត្រចៀកកាំ។

កសិដ្ឋានមួយចិញ្ចឹមរុយមួយ ឈ្មោះថា កសិដ្ឋាន BSF អាចរកចំណូលរាប់ពាន់ដុល្លារក្នុងមួយខែៗ ពីការលក់ពងរុយដែលមានតម្លៃ១គីឡូក្រាម ៧០០ដុល្លារ, ដង្កូវពូជ១គីឡូក្រាម១០ដុល្លារ និងដង្កូវចំណី១គីឡូក្រាម ២ដុល្លារ។

លោក សៅ សែនសំណាង ម្ចាស់កសិដ្ឋានចិញ្ចឹមរុយ BSF បានឲ្យដឹងយ៉ាងដូច្នេះថា របរចិញ្ចឹមរុយបម្រើដល់វិស័យកសិកម្មនេះ គឺមិនពិបាក ឬក៏ត្រូវប្រើដើមទុនច្រើនណាស់ណាទេ តែឲ្យតែចិញ្ចឹមទៅតាមបច្ចេកទេសបានត្រឹមត្រូវ គឺធ្វើឲ្យជីវភាពនឹងល្អប្រសើរ អាចរកចំណូលរាប់ពាន់ដុល្លារក្នុង១ខែ បានយ៉ាងស្រួល។

លោកថ្លែងបែបនេះ ក្នុងកិច្ចសម្ភាសក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទស្សន៍ Fresh News លោក សៅ សែនសំណាង បានបញ្ជាក់ថា ដំបូងឡើយការចិញ្ចឹមរុយនៅកម្ពុជា គឺមិនទាន់មានទេ ដោយលោកបានស្រាវជ្រាវទៅឃើញថា រុយប្រភេទលោកចិញ្ចឹមនេះមិនមានអ្វីដែលជាមេរោគនៅក្នុងខ្លួនវាទេ ហើយប្រទេសជាច្រើននៅលើពិភពលោក បានចិញ្ចឹមរុយនេះសម្រាប់បម្រើដល់វិស័យកសិកម្មនោះទើបលោក ចាប់ផ្តើមចិញ្ចឹមដើម្បីផ្គត់ផ្គង់ដល់ការចិញ្ចឹមមាន់របស់ខ្លួន។

លោកបានបញ្ជាក់ថា សម្រាប់កសិដ្ឋានរបស់លោក គឺអាចផ្គត់ផ្គង់រុយចំពោះតម្រូវការបានពី៥០០គីឡូទៅ១,០០០គីឡូក្នុងមួយថ្ងៃ ដោយអាស្រ័យលើការចង់បានរបស់អតិថិជនចរចា ហើយតម្លៃវិញយើងអាចផ្ដល់ជូនក្នុងតម្លៃទាបជាងទីផ្សារផងដែរ។

អ្នកចិញ្ចឹមរុយរូបនេះ កំពុងទីតាំងថ្មីចំនួនពីរទៀតដែលមួយនៅភ្នំពេញ និងមួយទៀតនៅគៀនស្វាយ ដើម្បីបើកកន្លែងចិញ្ចឹមរុយឲ្យកាន់តែធំ។

លោកបានបញ្ជាក់ថា ការចិញ្ចឹមរុយនេះដែរ គឺមិនមានការពិបាកនោះទេ ហើយសម្រាប់ការចិញ្ចឹមវិញមានភាពងាយស្រួលខ្លាំង សម្រាប់អ្នកចិញ្ចឹមដែលមានកសិដ្ឋានសត្វរបស់ខ្លួន ព្រោះថា វាអាចសម្រួលដល់ការផ្គត់ផ្គង់ចំណីសត្វចិញ្ចឹមក្នុងកសិដ្ឋានរបស់បងប្អូនបានច្រើន និងចំណេញលើការចំណាយរបស់បងប្អូន៥០ភាគរយផងដែរ។

លោកបញ្ជាក់ទៀតថា «រុយប្រភេទនេះ វាមានផ្ទុកប្រូតេអ៊ីន ហើយចំពោះផលប្រយោជន៍វា គឺអាចប្រើក្នុងវិស័យកសិកម្មបានច្រើន ព្រោះវាជាប្រភពចំណីដែលអាចកើតដោយខ្លួនវាបាន។ វាអាចជាចំណីសម្រាប់មាន់, ទារ, កង្កែប, ត្រី, បង្កង, អណ្ដើក, កន្ធាយ, និងពិសេសសម្រាប់ត្រចៀកកាំ។ នៅពេលយើងប្រើប្រាស់ចំណីរុយនេះវិញ វាអាចឲ្យអ្នកចិញ្ចឹមកាត់បន្ថយចំណីបាវបានរហូតដល់៥០ភាគរយ ដែលអាចឲ្យបងប្អូនអ្នកចិញ្ចឹមអាចរួចខ្លួនពីបំណុលបានផងដែរ»។

តាមលោក សៅ សែនសំណាង នៅលើពិភពលោកយើងនេះ រុយមានចំនួន២,៦០០ប្រភេទ តែរុយដែលអាចផ្ដល់ប្រយោជន៍ គឺមានប្រហែលជាង៣០០ប្រភេទ ហើយរុយដែលលោកចិញ្ចឹមនេះជាប្រភេទរុយមានឈ្មោះថា រុយទាហានខ្មៅ (Black Solider Fly) ដែលមិនបង្កភាពប៉ះដល់មនុស្ស ដូចជារុយធម្មតានោះទេ។

លោកក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងថា សូមងាកមកមើលការចិញ្ចឹមរុយនេះ ព្រោះថាការចិញ្ចឹមរុយនេះ វាអាចជួយសម្រួលច្រើន មានភាពងាយស្រួលខ្លាំង ហើយឲ្យតែចិញ្ចឹមទៅតាមបច្ចេកទេសបានត្រឹមត្រូវ គឺជីវភាពនឹងល្អប្រសើរ៕