(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានសម្រេចកំណត់យកទីតាំងស្តុកសំរាមបណ្ដោះអាសន្នចំនួន១១កន្លែង នៅគ្រប់សង្កាត់ទាំងអស់ ក្នុងខណ្ឌ ដូនពេញ និងបានធ្វើការបែងចែកថ្នាក់ដឹកនាំខណ្ឌ និងមន្ត្រីទាំងអស់ក្នុងការចូលរួមត្រួតពិនិត្យ និងជំរុញការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម នៅតាមបណ្តាសង្កាត់ ទាំង១១ ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ការសម្រេចរបស់អភិបាលខណ្ឌដូនពេញ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយស្តីពីបញ្ហាកកស្ទះសេវាប្រមូល និងដឹកជញ្ជូនសំរាមក្នុងខណ្ឌដូនពេញដោយមានការ ចូលរួមពីគណៈអភិបាលរងខណ្ឌ ចៅសង្កាត់ និងប្រធាន អនុប្រធានតាមបណ្ដាការិយាល័យជុំនាញជុំវិញខណ្ឌនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ។

នៅក្នុងកិច្ចប្រជុំនេះលោក សុខ ពេញវុធ បានពាំនាំការកោតសរសើររបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចំពោះការឆ្លើយតបដោះស្រាយយ៉ាងជោគជ័យ លើការប្រមូលសំរាមទូទាំងខណ្ឌ ក្នុងកំឡុងពេលដែលជួបបញ្ហាកកស្ទះសេវាប្រមូល និងដឹកជញ្ជូនសំរាមផងដែរ៕